ភ្នំពេញ ៖ ក្នុងជំនួបដ៏កម្រមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ទៅកាន់សមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរថា មិនចាំបាច់មានទស្សនដូចគ្នាទាំងស្រុងនោះទេ តែត្រូវយល់អ្វីដែលដូចគ្នានិងខុសគ្នា ។

នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឱ្យលោម សុក ហាច, លោក សេង ម៉ារឌី និងលោក គង់ មុនីកាសមាជិកព្រឹទ្ធសភា៣រូប មកពី គណបក្ស ឆន្ទៈខ្មែរ ចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃ២៨ មេសា។

ក្នុងជំនួបដ៏កម្រនេះសម្តេចតេជោ បានលើកឡើងថា “យើងមិនចាំបាច់មានទស្សនដូចគ្នាទាំងស្រុងទេ ទោះបីក្នុងបក្សមួយ ឬក្នុងគ្រួសារមួយ ក៏មិនអាចមាន ទស្សនដូចគ្នាទាំងស្រុងបានដែរ។ ក៏ប៉ុន្តែ យើងត្រូវយល់អ្វីដែលដូចគ្នា និងខុសគ្នា។ ដូចគ្នា គឺផលប្រយោជន៍ជាតិ ។ រីឯ ខុសគ្នា គឺការគិត និងធ្វើសកម្មភាពខុសគ្នា គឺជារឿងធម្មតា”។
សម្តេចបានបន្ថែមថា ត្រូវបន្តដំណើរជាមួយគ្នា នៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាព នយោបាយ។ ប្រឹងមួយដង្ហើមទៀត ពីពេលនេះ ទៅឆ្នាំ២០២៩ ក្នុងការចាកចេញពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

នាឱកាសនោះ លោកសុខ ហាច ក្នុងនាមគណបក្ស ឆន្ទៈខ្មែរ បានបញ្ជាក់ជូនសម្តេចតេជោថា សមាជិកព្រឹទ្ធសភា នៃគណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និង គោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែមិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល ជាផលប្រយោជន៍របស់ជាតិយើង។
សូមបញ្ជាក់ថា កិច្ចសំណេះសំណាលរវាងសម្តេចតេជោ និងសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរគឺធ្វើឡើងមួយឆ្នាំម្តង ខណៈកាលពីលើកដំបូងបន្ទាប់ពី សម័យប្រជុំដំបូងនៃព្រឹទ្ធសភា នីតិកាលទី៥៕
