ព័ត៌មានជាតិ

សម្តេចធិបតី៖ មានផ្លូវ មានសង្ឃឹម មានផ្លូវអាចឱ្យប្រជាពលរដ្ឋ ទាញយកផលសេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា មានផ្លូវ មានសង្ឃឹម មានផ្លូវផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋ អាចឆ្នៃប្រឌិត ទាញយកផលសេដ្ឋកិច្ច សម្រាប់ជីវភាពរស់នៅរបស់ខ្លួនឯងបាន នេះហើយជាអ្វី ដែលរដ្ឋាភិបាល វិនិយោគលើផ្លូវ ជាជាងវិនិយោគ លើអ្វីផ្សេងមុននឹងមានផ្លូវ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ​ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ​ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើនិយាយអំពីការវិនិយោគ ការវិនិយោគធ្វើផ្លូវនេះ ទាញផលចំណេញច្រើន ជាងវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។

ខណៈដែលផ្លូវ៣ខ្សែជាង២០០គីឡូ ដែលសម្ពោធនាឱកាសនេះ ត្រូវបានសាងសង់អស់ថវិកា ប្រមាណជា១៨៨ លានដុល្លារនេះ ត្រូវបានសម្តេចធិបតី យល់ឃើញថា បើយកថវិកា ១៨៨លានដុល្លារនេះ បង្វែរទៅធ្វើតំបន់សេដ្ឋកិច្ចពិសេស ឬមួយធ្វើបុរីក៏ដោយ ប្រសិនបើគ្មានផ្លូវតភ្ជាប់ ទាំងបំបន់សេដ្ឋកិច្ច និងបុរី គឺមិនដើរនោះទេ គ្មាននរណាមួយ ចង់ទៅធ្វើការកន្លែងដែលគ្មានផ្លូវដឹកជញ្ជូន ហើយក៏គ្មាននរណាចង់ទៅទិញផ្ទះ បើគ្មានផ្លូវតភ្ជាប់នោះដែរ ។

បន្ថែមលើនេះ សម្តេចធិបតី ជឿជាក់ថា បន្ទាប់ពីសាងសង់និងលើកកម្ពស់ផ្លូវ ទាំង៣ខ្សែ ដែលមានប្រវែងជាង២០០គីឡូ ឆ្លងកាត់៥ខេត្ត អស់ថវិកា១៨៨លានដុល្លារដូចគ្នា តែសម្រាប់អ្នករស់នៅអមតាមដងផ្លូវ ជាពិសេសអ្នកនៅក្នុងមូលដ្ឋាន នៅតំបន់ផ្ទាល់​នឹងទទួលបានសេដ្ឋកិច្ចកើនឡើង ពោលបានផលកាន់តែច្រើន ដោយសារសរសៃឈាមតភ្ជាប់មួយនេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “នេះបានយើងថា ផ្លូវជាអទិភាពទី២ ដែលខ្ញុំតែងនិយាយថា បើទៅដណ្តឹងកូនគេ ម៉ែគេថា អត់ផ្លូវទេអាវ៉ា គឺចប់ហើយ គឺមានផ្លូវមានសង្ឃឹម មានផ្លូវផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ អាចប្រើការឆ្នៃប្រឌិតរបស់គាត់ ទាញយកផលសេដ្ឋកិច្ច ចូលហោប៉ៅរបស់គាត់​ មានផ្លូវទាញការវិនិយោគ ដើម្បីផ្តល់ឱកាសការងារ ទម្លាក់លុយរាប់ វាល់លានដុល្លារ ចូលទៅខេត្តកំពង់ស្ពឺ ខេត្តផ្សេងៗទៀត នេះហើយគឺជាការ វិនិយោគទៅលើផ្លូវរបស់យើង ដែលជាអទិភាពទី២ នៃគោលនយោបាយ ចតុកោណ និងឥឡូវបញ្ញកោណ ដំណាក់កាលទី១”៕

To Top