ព័ត៌មានជាតិ

សម្តេចធិបតី ៖ ឥឡូវនេះ ប្រទេសណាខ្លះ មិនខ្ចីលុយបរទេស? គ្រាន់តែទម្រង់នៃការខ្ចីលុយ គឺខុសគ្នា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរក្រុមអ្នករិះគន់ថា ឥឡូវនេះ ប្រទេសណាខ្លះមិនខ្ចីលុយបរទេស? គ្រាន់តែទម្រង់នៃការខ្ចីលុយខុសគ្នា។ រដ្ឋាភិបាលជាច្រើននៅលើពិភពលោក ប្រភពចំណូល និងរដ្ឋ មានមកពីណាខ្លះ? ដូច្នេះភាគច្រើនគឺខ្ចីគេ គ្រាន់តែទម្រង់ នៃការខ្ចីខុសគ្នា។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរអ្នករិះគន់ថា នៅលើលោកនេះ តើប្រទេសណាមួយដែលមិនខ្ចីលុយបរទេសយកមកអភិវឌ្ឍន៍ប្រទេស?។ សម្ដេច ថា សម្រាប់កម្ពុជាអ្វីដែលសំខាន់ គឺការគ្រប់គ្រងកម្ចី និងមានលទ្ធភាពក្នុងការសងត្រឡប់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ឥឡូវប្រទេសណាមិនខ្ចីលុយ គ្រាន់តែទម្រង់នៃការខ្ចីលុយខុសគ្នា។ រដ្ឋាភិបាលជាច្រើននៅលើពិភពលោក ប្រភពចំណូល និងរដ្ឋ មានមកពីណាខ្លះ? ប្រភពចំណូលទីមួយ គឺមកពីពន្ធអាករ ប្រទេសយើង (កម្ពុជា) ពន្ធអាករតូចណាស់ ពន្ធដីភាគច្រើនអត់មានទេ នៅប្រទេសខ្លះ ពន្ធត្រួតគ្នា ប្រទេសខ្លះមានរដ្ឋបាលពីរថ្នាក់ ត្រូវបង់ពីរជាន់ កន្លែងខ្លះបង់បីជាន់»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ប្រាក់កម្ចីដែលប្រទេសកម្ពុជា ខ្ចីបុលពីប្រភពមួយចំនួន គឺរាជរដ្ឋាភិបាល យកមកវិនិយោគលើការកសាងហេដ្ឋារចនាសម្ពន្ធតភ្ជាប់នានា ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

To Top