ព័ត៌មានជាតិ

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជន នៅតែខាំស្មៅជាមួយពលរដ្ឋ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាពេលបច្ចុប្បន្នកម្ពុជាបាននិងកំពុងជួបបញ្ហាប្រឈមជាមួយសមរភូមិសង្គ្រាមពាណិជ្ជកម្មក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រជាពលរដ្ឋនោះទេនៅតែបន្តខាំស្មៅជាមួយពលរដ្ឋ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣១,៣៣,៤១ នាខេត្តកំពតនាព្រឹកថ្ងៃទី២៩ ខែមេសា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅទូទាំងពិភពលោកបានជួបបញ្ហាជាបន្តបន្ទាប់មិនចេះអស់មិនចេះហើយ ចប់ពីមួយចូលមួយ ។ ជាក់ស្តែងបន្ទាប់ពីបញ្ចប់បញ្ហាជំងឺកូវីដជាសកលមក ចូលមកដល់សង្គ្រាមប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយសព្វថ្ងៃនេះទៀតទាំងកម្ពុជានិងបណ្តាប្រទេសជាច្រើនក្នុងពិភពលោកកំពុងជួបបញ្ហាប្រឈមសង្គ្រាមពាណិជ្ជកម្ម ។

ចំណុចនេះសម្តេចធិបតីអះអាងថា នៅទូទាំងសកលលោកបានខកខានក្នុងការជួបប្រទះអស់រយៈពេលប្រមាណជា១០០ឆ្នាំមកហើយ ។ ប៉ុន្តែក្នុងពេលកំពុងជួបបញ្ហាទាំងអស់នេះសម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា គឺរាជរដ្ឋាភិបាលមិនបោះបង់ពលរដ្ឋម្នាក់ណាចោលនោះទេ នៅតែបន្តរួមរស់ជាមួយគ្នា ។

សម្តេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចផ្ទាល់កើតចេញពីគណបក្សប្រជាជនកម្ពុជាមិនរត់ចោលប្រជាពលរដ្ឋឡើយ គឺនៅតែបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍ និងធានាជីវភាពរស់នៅរបស់ពលរដ្ឋ។

សម្តេចធិបតីគូសបញ្ជាក់ថា “យើងធ្វើពាណិជ្ជកម្មគ្រប់ប្រទេសទាំងអស់ អត់មានរើសពីណាគេទេ យើងធ្វើការងារជាមួយបណ្តាគ្រប់ប្រទេស ។ យើងនាំចេញគ្រប់ទំនិញទាំងអស់ យើងមិនពឹងផ្អែកតែទៅលើទេសចរណ៍ យើងមិនពឹងផ្អែកតែទៅលើឧស្សាហ៍កម្ម យើងមិនពឹងផ្អែកតែទៅលើកសិកម្មទេ យើងត្រូវពង្រាយសក្តានុពល និងទាញយកសក្តានុពលរបស់ប្រទេសរបស់យើង ដើម្បីឲ្យបានគ្រប់វិស័យបង្កើតការងារឲ្យគ្រប់ច្រកល្ហក់ជូនប្រជាពលរដ្ឋយើង ទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុក ។ យើងធ្វើយ៉ាងណាបន្តដើរទៅមុខទៀត ប្រទេសយើងមិនឈប់ទេ ហើយសូមជឿចុះរដ្ឋាភិបាលមិនរត់ចោលបងប្អូនទេ យើងនៅខាំស្មៅជាមួយគ្នា” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៣ មេសា រដ្ឋបាលសហរដ្ឋអាមេរិកដឹកនាំដោយឯកឧត្តម ដួណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសដំឡើងពន្ធទៅដល់បណ្តាលប្រទេសស្ទើរតែទាំងអស់នៅក្នុងពិភពលោករួមទាំងកម្ពុជាផងដែរ ដែលដំឡើងដល់៤៩%លើផលិតផលកម្ពុជា៕

To Top