ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យអភិបាលខេត្ត ឬអភិបាលស្រុកទាំងអស់ ត្រូវផ្លាស់ប្តូរ និយមន័យចេញ នៅពេលដែលមានវិនិយោគិន ចង់មកវិនិយោគក្នុងខេត្តស្រុករបស់ខ្លួន កុំសួរថា«បានអ្វីមកខ្ញុំ» (ខ្លួនឯង) ត្រូវសួរថា «បានអ្វីមកខេត្តរបស់ខ្ញុំ»វិញ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បន្ទាប់ពីមានផ្លូវហើយ អភិបាល ខេត្តទាំងអស់ គួរណាត្រូវធ្វើយ៉ាងណា ទាញយក ចំណាប់អារម្មណ៍ ពីវិនិយោគិន ឱ្យមកវិនិយោគ ក្នុងខេត្តរបស់ខ្លួន ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជាឧត្តមប្រយោជន៍ និងកំណើនសេដ្ឋកិច្ច ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ក្នុងនោះសម្តេចធិបតី បានធ្វើការណែនាំ ដល់បណ្តាខេត្តស្រុកពាក់ព័ន្ធ គួរមានការលើកទឹកចិត្ត ក្នុងកម្រិតណាមួយ ដែលអាចធ្វើទៅបានដល់វិនិយោគិន ដែលចង់មកវិនិយោគនៅក្នុងខេត្ត ស្រុករបស់ខ្លួន តួយ៉ាងខេត្តតាកែវ សម្បូរទៅដោយពងទាកូន អាចមានការ ឧបត្ថម្ភពងទាកូន ទៅកាន់វិនិយោគិន ក្នុងចំនួនណាមួយ ដែលជាការលើកទឹកចិត្តបន្ថែម នេះជាឧទាហរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ត្រូវគិតអញ្ចេះ អ្វីដែលយើងឃើញហើយ ថាតើវាអាចទាញស្អីឱ្យយើង សូមកុំនិយាយថា តើវាទាញស្អីឱ្យខ្ញុំ ដូរនិយមន័យ អំពី«ខ្ញុំ» ទៅ«ខេត្តខ្ញុំ» កុំឃើញគេមក ថាតើខ្ញុំបានអ្វីជាផ្ទាល់ខ្លួន ត្រូវថាតើខេត្តខ្ញុំប្រជាជនខ្ញុំនៅភូមិនេះ បានអ្វីឱ្យច្រើន ទើបយើងដាក់ទិសដៅនេះ បម្រើសេវាបានល្អ ហើយបើយើងបានសុខ ភូមិយើងបានរីកហើយ យើងខ្លួនឯង គ្រួសារយើងក៏បានផលដែរ តែបើមិនស្រួលយើងដាក់អ្វីមកខ្លួនយើង គ្រួសារយើងមុន ជួនកាលគេអត់នៅទេគេរត់អស់ អត់ទាំងអស់គ្នា” ។
បន្ថែមលើនេះ សម្តេចធិបតី ណែនាំបន្ថែមថា កាលណាបើមានសេវាល្អ ធ្វើឱ្យគាប់ចិត្តដល់វិនិយោគិនហើយនោះ នឹងនាំមកនូវផលប្រយោជន៍ និងការរីកចម្រើនទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋ ក្នុងមូលដ្ឋានតែម្តង៕
