ព័ត៌មានជាតិ

មេយោធាខេត្ត​កំពង់​ធំ​ នាំអំណោយ​សម្ដេចធិបតីនិង​លោក​ជំទាវ​ ជូន​ប្រជាពលរដ្ឋ រងគ្រោះ ខ្យល់កន្ត្រាក់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ !

កំពង់ធំ :នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរ​ដោយ​លោក​សុទ្ធ​ ម៉ារី​ អភិបាល​រង​ស្រុក​បារាយណ៍​ បានដឹកនាំកងកម្លាំង នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅជួយសង្គ្រោះនិងឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះទាំងស្រុងចំនួន៥ ខ្នង និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារផ្សេងទៀត​ នៅភូមិគូរ និង​ភូមិ​សំរោង​ ឃុំចុងដូង ស្រុកបារាយណ៍  ខេត្តកំពង់ធំ ។

  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងឃុំចុងដូងទាំងមូលចំនួន៦៣​ ខ្នង ដោយ​មាន​ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន៦៣​ គ្រួសារ​  ស្ថិតនៅ​លេី​ភូមិ​ចំនួន​ ៥​ ។ ក្នុងនោះនៅភូមិគូរ និង​ភូមិ​សំរោង​ ឃុំចុងដូង ស្រុកបារាយណ៍ ត្រូវបានខ្យល់កន្ត្រាក់ធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ហើយបច្ចុប្បន្នប្រជាពលរដ្ឋកំពុងជួបការលំបាកក្នុងការស្នាក់នៅនិងការដោះស្រាយជីវភាពក្នុងគ្រួសារ។

  ដោយឃើញពីការលំបាកនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកស័ង្កសី  និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥គ្រួសារ និងឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន ៥គ្រួសារផ្សេងទៀត ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ  ដោយ​ឡែក​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​រលំ​ផ្ទះ​ទាំង​ស្រុង​ ចំនួន​ បី​គ្រួសារ​ទទួល​បាន​ស័ង្កសី​ចំនួន​១០០​ សន្លឹក​ ព្រមទាំងបានចាត់តាំងកងកម្លាំងជួយរុះរើ និងរៀបចំ ផ្ទះសម្បែងជូនពួកគាត់ផងដែរ។

  លោក​កែវ​ អូក​ មេឃុំ​ចុង​ដូង​តំណាង​ឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់ នៅភូមិគូរ និង​ភូមិ​សំរោង​ ឃុំចុងដូង ស្រុកបារាយណ៍  បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ដែលបាននាំយកស័ង្កសី ស្បៀងអាហារគ្រឿងឧបភោគបរិភោគ  និងជួយរុះរើការបែកបាក់ផ្ទះសម្បែងរបស់ពួកគាត់នៅពេលនេះ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ  ព្រមទាំងកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយសំនៀង

To Top