ព័ត៌មានជាតិ

រដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញអបអរសាទរទិវាភពផែនដី ក្រោមប្រធានបទ «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព»

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីអបអរសាទរទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព»។

កម្មវិធីដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រានេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា ។

នាឱកាសនេះ លោករដ្ឋមន្រ្តី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលជនផល ដែលបានខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សហការរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍នានា និងដាក់មធ្យោបាយរួមក្នុងការពង្រឹងច្បាប់ លុបបំបាត់បទល្មេីសនេសាទខុសច្បាប់ និងចូលរួមអភិរក្សធនធានជលផលទឹកសាប និងសមុទ្រ ទទួលបានលទ្ធផលជាច្រេីនគួរជាទីគាប់ចិត្ត។

លោករដ្ឋមន្ដ្រី មានប្រសាសន៍លេីកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀតជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប អង្គការ FAO អង្គការ UNIDO ទីភ្នាក់ងារ AFD និងអង្គការ GIZ ជាដើម ដែលជាដៃគូសំខាន់ក្នុងការចូលរួមគាំទ្រអនុវត្តការងារប្រកបដោយភាពជោគជ័យគួរឱ្យកត់សម្គាល់៕

To Top