ព័ត៌មានជាតិ

ប្រឆាំងដាច់ខាតទង្វើឯកតោភាគីនិយម និងការសម្លុតគំរាម, រួមគ្នាការពារសិទ្ធិអភិវឌ្ឍន៍

ក្នុងអំឡុងពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក​ ដែលដឹកនាំដោយលោក Donald Trump បានដំឡើងពន្ធគយយ៉ាងព្រៃផ្សៃ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងអស់ ជាពិសេស សម្រាប់ប្រទេសលោកខាងត្បូង ហើយវាក៏បានបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងយុត្តិធម៌ និងសមធម៌។

សហរដ្ឋអាមេរិក បានចាត់ទុកពន្ធគយជា ឧបករណ៍ និងអាវុធរបស់ខ្លួន ហើយបានដាក់ផលប្រយោជន៍ខ្លួន លើសពីផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់ ដែលធ្វើឱ្យខូចដល់ការជឿទុកចិត្ត និងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ដែលបានបង្កើតឡើងជាយូរយារជាមួយបណ្ដាប្រទេសនាៗ និងបានធ្វើឱ្យទំនាក់ទំនងការទូត រវាងប្រទេសទាំងនោះដើរថយក្រោយ ដល់គោលការណ៍ព្រៃផ្សៃ ដែលបង្កជាការសម្លុត និងការប្រឈមមុខដាក់គ្នា ដែលពិតជាជំហានថយក្រោយក្នុងប្រវត្តិសាស្ត្រ ហើយនឹងនាំឱ្យមានការតស៊ូ និងការប្រឆាំងពីប្រទេសកាន់តែច្រើនឡើងៗ។

ប្រទេសចិននឹងឈរឡើង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើឯកតោភាគី និងការសម្លុតគំរាមកំហែងរបស់សហរដ្ឋអាមេរិក ដើម្បីមិនត្រឹមតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសតូចនិងមធ្យមដ៏ច្រើន និងដើម្បីការពារយុត្តិធម៌ និងសមធម៌អន្តរជាតិ។ ប្រឈមមុខចំពោះចរន្តថយក្រោយនៃលទ្ធិគាំពានិយមពាណិជ្ជកម្ម ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ និងបរិយាប័ន្នក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិជានិច្ច ប្រកាន់ខ្ជាប់នូវការបើកទូលាយកម្រិតខ្ពស់ កិច្ចសហប្រតិបត្តិការ​ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះជាមួយប្រទេសនានា និងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោក។ ក្នុងពេលនៃភាពចលាចលពិភពលោកនេះ ចិនបង្ហាញពិភពលោកតាមសកម្មភាពរបស់ខ្លួនថា ចិនជាដៃគូមួយដែលអាចពឹងផ្អែកបានក្នុងការឆ្ពោះទៅការវិបុលភាព។

កម្លាំងនៃភាពយុត្តិធម៌គឺខ្លាំង ហើយការសម្លុតគំរាម នឹងមិនត្រូវបានទទួលស្គាល់ពីប្រជាជន។ ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវ នៃសហគមន៍អន្តរជាតិ និងជាសមាជិកនៃប្រទេសលោកខាងត្បូង ប្រទេសចិនអំពាវនាវ ឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់ នូវវិធានការឯកតោភាគី និងការសម្លុតរបស់ខ្លួន ក្នុងគោលបំណងគ្រប់គ្រងប្រទេសដទៃទៀត។ ទន្ទឹមនឹងនេះ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយ សហគមន៍អន្តរជាតិ រួមមានប្រទេសជិតខាង ដើម្បីរួមគ្នាប្រឆាំងនឹងទង្វើឯកតោភាគីនិយម និងសកម្មភាពសម្លុតនានា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ និងការពារគោលការណ៍ពាណិជ្ជកម្មពហុភាគី។ ចិនមានសុភាសិតបូរាណមួយថា “ព្រួញមួយងាយបំបែក ប៉ុន្តែព្រួញដប់ពិបាកបំបែក”។ កម្ពុជាក៏មានសុភាសិតខ្មែរមួយពោលថា “ចង្កឹះមួយបាច់ កាច់មិនបាក់”។ ដរាបណាប្រទេសភាគច្រើនដែលគាំទ្រសមធម៌ និងយុត្តិធម៌ រួបរួមគ្នាប្រឆាំងដាច់ខាតការសម្លុតគំរាម និងទង្វើឯកតោភាគី និងរួមគ្នាការពារសិទ្ធិក្នុងការអភិវឌ្ឍន៍ ប្រទេស។ បុគ្គលណាម្នាក់នឹងមិនអាចលេងល្បែងតួរលេខពន្ធគយបានទេ ហើយការប៉ុនប៉ង ដាក់សម្ពាធយ៉ាងខ្លាំងរបស់ពួកគេនឹងមិនជោគជ័យឡើយ។

ប្រទេសចិន និងកម្ពុជាជាមិត្តដែកថែបដែលស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា ហើយក៏ជាដៃគូជួយអភិវឌ្ឍរួមគ្នា។ ក្នុងពេលកន្លងមកនេះ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា ហើយទស្សនកិច្ចនេះបានលើកម្ពស់ទំនាក់ទំនងចិន-កម្ពុជា ឱ្យក្លាយជាសហគមន៍វាសនារួមចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម និងបានបញ្ជាក់សាជាថ្មី អំពីការប្រឆាំងអនុត្តរភាព និងឯកតោភាគីនិយមគ្រប់ទម្រង់។ ភាគីទាំងពីរ បានយល់ឃើញថា វិធានការការកំណត់លើវិនិយោគពាណិជ្ជកម្ម នឹងប៉ះពាល់ដល់សុវត្ថិភាពសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ ហើយភាគីទាំងពីរនឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះលទ្ធិគាំពានិយមផ្នែកពាណិជ្ជកម្ម។
ភាគីទាំងពីរបានឯកភាពគ្នាលើការអនុវត្តចំណុច នៃផែនការកិច្ចសហប្រតិបត្តិការទេ្វភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ ពន្លឿនការកសាងផែនការ《ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា》និង《ច្រករបៀងមច្ឆា និងអង្ករ》 បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហេដ្ឋារចនាសម្ព័ ខ្សែសង្វាក់ផលិតកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពលស្អាត ការច្នៃប្រឌិតបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ការការពារបរិស្ថាន និងជីវភាពរស់នៅនៃប្រជាជនជាដើម។ ភាគីចិននឹងលើកទឹកចិត្តក្រុមហ៊ុនកាន់តែច្រើន មកដាក់វិនិយោគទុននៅកម្ពុជា ព្រមទាំងបើកទីផ្សារទំហំធំសម្បើមដល់ភាគីកម្ពុជា នាំចូលផលិតផលកសិកម្មគុណភាពល្អកាន់តែច្រើន ដើម្បីចែករំលែកឱកាសអភិវឌ្ឍន៍ចិនដល់មិត្តកម្ពុជា។ ភាគីចិនជឿជាក់ថា ក្រោមការស៊ីជម្រៅកិច្ចសហប្រតិបត្តិការចិន-កម្ពុជានឹងបង្កើនទំនុកចិត្ត ឱ្យកម្ពុអាចសម្រេចបំណងអភិវឌ្ឍន៍ ចំពោះមុខនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចខាងក្រៅ។

ប្រទេសចិន និងប្រទេសកម្ពុជាក៏ជាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសក្នុងទ្វីបអាស៊ី។ យុទ្ធសាស្ត្រអភិវឌ្ឍន៍និងគំនិតការទូតនៃប្រទេសទាំងពីរស៊ីសង្វាក់គ្នា។ គំនិតកិច្ចសហប្រតិបត្តិការឈ្នះរួមគ្នា ដែលប្រទេសចិនអំពាវនាវ និងគោលនយោបាយឈ្នះ-ឈ្នះ ដែលប្រទេសកម្ពុជាអនុវត្ត មានភាពស្រដៀងគ្នាយ៉ាងខ្ពស់ និងកាន់តែមានតម្លៃក្នុងយុគសម័យ ក្រោមស្ថានភាពអន្តរជាតិបច្ចុប្បន្ននេះ។ ភាគីចិន និងកម្ពុជាត្រូវបន្តចាប់ដៃជាមួយគ្នា ឈរលើជំហរត្រឹមត្រូវក្នុងប្រវត្តិសាស្ត្រ ឈរលើជំហរខាងវឌ្ឍនភាពរបស់មនុស្សជាតិយ៉ាងរឹងមាំ ប្រើប្រាស់គុណតម្លៃអាស៊ីនៃសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាប័ន្ន ឆ្លើយតបនឹងគោលការណ៍ ដែលអ្នកខ្លាំងគ្រប់គ្រងអ្នកខ្សោយ។ ភាគីទាំងពីរត្រូវការពារអនាគតអភិវឌ្ឍន៍ភ្លឺស្វាង នៃប្រទេសទាំងពីរ និងប្រទេសក្នុងតំបន់ ដោយត្រូវផ្តល់នូវប្រាជ្ញានៃលោកខាងកើត និងចាក់បញ្ចូលកម្លាំងចលករនៃលោកខាងកើតដល់ស្ថិរភាព កំណើន និងវិបុលភាពនៃពិភពលោក៕

To Top