ព័ត៌មានជាតិ

លោក តូ ឡឹម ៖ ក្នុងពិភពលោក មិនមានទំនាក់ទំនង ណាល្អ ដូចកម្ពុជា-វៀតណាម

ភ្នំពេញ ៖ អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាមលោក តូ ឡឹមបានអះអាងថា បណ្តាប្រទេសនានា ក្នុងពិភពលោក មិនមានប្រទេសណាមួយ ដែលមានទំនាក់ទំនងល្អ ដូចកម្ពុជានិង វៀតណាមនោះទេ ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា លោក តូ ឡឹម បានអបអរសាទរ ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំ របស់សម្ដេចតេជោកន្លងមក ដោយលោកសង្កត់ធ្ងន់ថា ភាពរីកចម្រើន របស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំ ដោយត្រឹមត្រូវ របស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកលើកឡើងថា នៅលើពិភពលោកនេះ មិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និងកម្ពុជានោះឡើយ។

លោកបញ្ជាក់ទៀតថា វៀតណាម មិនភ្លេចនោះទេ នូវការអរគុណ ចំពោះការគាំទ្រ ពីមិត្តភក្កិបរទេស ជាពិសេសគឺកម្ពុជា តែម្ដង ដែលនៅជាមួយគ្នាក្នុងគ្រាលំបាក។ លោកក៏បានអរគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និង ប្រជាជនកម្ពុជា ដែលបានជួយគាំទ្រវៀតណាម ទទួលបាននូវជ័យជំនះ នៅថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៧៥។

លោកបន្ថែមទៀតថា ដោយផ្អែកលើប្រវត្តិសាស្រ្ត ប្រទេសទាំងពីរ ដែលឆ្លងកាត់ជាមួយគ្នាដ៏លំបាក ប្រទេសទាំងពីរត្រូវ តែរក្សា និងពូនជ្រុំ និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ បន្តទៀត។

សម្រាប់សម្ដេចតេជោវិញ បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកជិតខាងល្អ កម្ពុជានិងវៀតណាម តែងតែជួយគ្នាទៅវិញទៅមក នូវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាលំបាក ។ សម្ដេចក៏រំលឹកពីអនុស្សាវរីយ៍ របស់សម្ដេចកាលពីឆ្នាំ១៩៧៧ មកកាន់វៀតណាម ដើម្បីស្វែងរកនូវការគាំទ្រ រំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងកសាងកម្ពុជា ទម្រាំតែមានថ្ងៃនេះ ។

ក្នុងឱកាសនោះ សម្តេចតេជោ បានលើកឡើងថា កម្ពុជា និងវៀតណាម មិនត្រឹមតែត្រូវរក្សាសន្ទុះ នៃទំនាក់ទំនងនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើនថែមទៀត ដើម្បីពួនជុំទំនាក់ទំនងជាប្រពៃណី ពង្រឹងសាមគ្គីភាព ការយោគយល់គ្នាកាន់តែប្រសើរឡើង និងកិច្ចសហប្រតិបត្តិការធ្វើភាគី ឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ៕

To Top