ព័ត៌មានជាតិ

ក្រោយមកកម្ពុជាបាន៤ដង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA ចាប់អារម្មណ៍ជាខ្លាំងវិនិយោគ លើវិស័យបច្ចេកវិទ្យានៅកម្ពុជា

ភ្នំពេញ៖ លោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ADATA Technology Co., Ltd. បានគោរព ជម្រាបជូនសម្តេចធិបតីថា ក្រោយពីបានធ្វើទស្សនកិច្ច៤លើក នៅកម្ពុជា ក្រុមហ៊ុនរបស់លោក មានចំណាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប ។

ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ។

នៅក្នុងជំនួបនេះ លោក CHEN Simon​ ប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd.ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលបានចុះបញ្ជី នៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំងមាន ការិយាល័យតំណាងជាង ៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្ម នៅបណ្តាប្រទេសនានាជុំវិញពិភពលោក។

ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក, រ៉ូបូត​,​ កុំព្យូទ័រ​ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត។

លោកប្រធានបានបន្តថា នេះជាដំណើរទស្សនកិច្ចលើកទី៤ របស់លោក មកកាន់ប្រទេសកម្ពុជា ហើយក្រុមហ៊ុន មានចំណាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍ពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាល និងកសាងធនធានមនុស្ស​ ផ្នែកបច្ចេកវិទ្យាទំនើប ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី​ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនដែលបានមកបំពេញទស្សនកិច្ច និងចាប់អារម្មណ៍វិនិយោគ នៅកម្ពុជា។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ និងឈានមុខគេ ខាងវិស័យបច្ចេកវិទ្យាទំនើប។

សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា​​ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការចាំបាច់នានារបស់​រាជរដ្ឋាភិបាល​ ក្នុងការគាំទ្រដល់បរិស្ថានវិនិយោគនៅកម្ពុជា រួមមាន៖ ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ការដាក់ចេញវិធានការចាំបាច់ និងការកែសម្រួល នីតិវិធីពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងការដាក់ចេញ នូវកញ្ចប់វិធានការលើកទឹកចិត្តសម្រាប់វិនិយោគិន ជាពិសេសការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ ទន្ទឹមនេះ សម្តេចបវរធិបតីបានសម្តែង នូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណង​របស់ក្រុមហ៊ុន ក្នុងការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យបច្ចេកវិទ្យាទំនើប នៅកម្ពុជា។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនង ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកកាលានុវត្តភាព ក្នុងការវិនិយោគនៅកម្ពុជាផងដែរ៕

To Top