ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ឆ្មបដើរតួនាទីសំខាន់ ក្នុងកិច្ចការជួយសង្រ្គោះ ថែទាំសុខភាពមាតា ទារក និងកុមារ

ភ្នំពេញ ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានលើកឡើងថា ឆ្មបបានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល ។
ការលើកឡើងរបស់រដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ” នាថ្ងៃ២៩ មេសា ។

ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ជូនដល់អង្គពិធី ក៏ដូចជាឆ្មបទូទាំងប្រទេស ដូចជា ៖ ត្រូវបន្តជំរុញ និងផ្តល់ការចុះបញ្ជីអនុញ្ញាតប្រកបវិជ្ជាជីវៈឆ្មបឱ្យកាន់តែប្រសើឡើង និងឱ្យបានច្រើនជាបន្តបន្ទាប់ និងឈានទៅគ្រប់រូប , ត្រូវពិនិត្យមើលការចុះបញ្ជីអនុញ្ញាតប្រកបវិជ្ជាជីវឆ្មប និងវិជ្ជាជីវសុខាភិបាលផ្សេងៗទៀត ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃការប្រកបវិជ្ជាជីវសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព និងត្រូវឱ្យមានការសាមគ្គីភាពគ្នារវាងឆ្មប គិលានុប្បដ្ឋាកយិកា វេជ្ជបណ្ទិត និងគ្រូពេទ្យគ្រប់កម្រិត កាន់តែស្អិតរមួត ដើម្បីដោះស្រាយរាល់បញ្ហាសុខភាព ជាពិសេសចំពោះមាតា ទារក និងកុមារឱ្យកាន់តែល្អប្រសើឡើង។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចង្អុលបង្ហាញបន្ថែមថា ត្រូវបន្តអភិវឌ្ឍន៍ខ្លួន និងសិក្សាស្រាវជ្រាវរកមូលហេតុជាបញ្ហា ដែលបានជួបជាញឹកញ៉ាប់ , ឆ្មបត្រូវដើរតួនាទីក្នុងការពិគ្រោះផ្តល់យោបល់ជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន និងក្រោយសម្រាល , ត្រូវផ្តល់ការប្រឹក្សាយោបល់ និងគិតគូអំពីចិត្តសាស្រ្ត ជូនដល់អ្នកដែលអាចនឹងមានផ្ទៃពោះ ឬអ្នកដែលត្រៀមមានផ្ទៃពោះ , ត្រូវពង្រឹងក្នុងការពិនិត្យមើលការលក់ឱសថនៅតាមឱសថស្ថាន ដើម្បីជៀសវាងការលក់ឱសថជូនអ្នកជំងឺដោយគ្មានវេជ្ជបញ្ជា ឬខុសពីវេជ្ជបញ្ជា របស់គ្រូពេទ្យ , ឆ្មបត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមណែនាំ និងពិនិត្យស្វែងរកសញ្ញាណជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ នៅតាមមណ្ឌលសុខភាព ជាពិសេសឆ្មបត្រូវផ្តល់ការណែនាំអំពីសុខភាពបន្តពូជ ជូនដល់ប្រជាពលរដ្ឋយល់ដឹងពីសារសំខាន់៕

To Top