ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសថា រាជរដ្ឋាភិបាល ពុំបានអនុញ្ញាតឲ្យក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO.,LTD.) រុករកប្រេងកាតនៅលើទឹកដីខេត្តកំពតទេ ។
ការចេញមកបដិសេធរបស់ក្រសួងរ៉ែនេះ បន្ទាប់ពីមានការផ្សព្វផ្សាយមិនពិត ជាបន្តបន្ទាប់របស់បណ្តាញសារព័ត៌មានមួយចំនួន ផ្សាយអំពីគម្រោងសាងសង់ រោងចក្រចម្រាញ់ប្រេងកាត របស់ក្រុមហ៊ុន ហ្នឹង ហ្សុន អេនើជី អ៊ិនវេសម៉ិន ឯ.ក (GUAN ZUN ENERGY INVESTMENT CO.,LTD.) មានសមត្ថភាពផលិត១០ លានតោន ក្នុង១ឆ្នាំ ចំណាយទុន វិនិយោគសរុប ៣,៥ ពាន់លានដុល្លារលើផ្ទៃដីប្រមាណ ២៣៤ ហិកតា នៅខេត្តកំពត។
ក្រោយឃើញ ការផ្សាយបែបនេះ ក្រសួងរ៉ែ បានធ្វើការបញ្ជាក់នាថ្ងៃ៣០ មេសាថា ក្រុមហ៊ុនខាងលើពុំធ្លាប់ទទួល បានការអនុម័ត ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យធ្វើការវិនិយោគ គម្រោងនេះនៅឡើយទេ ។ ដូច្នេះសាធារណជនត្រូវបញ្ឈប់ការ ចែកចាយព័ត៌មានដែលគ្មានការពិតខាងលើ៕
