ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨

ភ្នំពេញ ក្នុងន័យលើកស្ទួយ ក៏ដូចជាជំរុញលើកកម្ពស់សមត្ថភាពជីវភាពឱ្យកាន់តែល្អប្រសើរឡើងរបស់ជនមានពិការភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូបានរួមគ្នាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនដល់ក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។


ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ នាទីស្តីការក្រសួងវប្បធម៌ នាថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០២៥នេះ លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏មានមន្ត្រីរាជការដែលមានពិការភាព កំពុងបម្រើការងារទាំងនៅក្នុងការិយាល័យថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិផងដែរ និងការងារមួយចំនួនទៀតដែលជាសមាជិក-សមាជិកានៃក្រុមការងារជាពិសេសប្រធានអង្គភាព ប្រធានមន្ទីរត្រូវចូលរួមជំរុញការអនុវត្ត ពាក់ព័ន្ធនឹងពិការភាពនេះ គឺការកែសម្រួលនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឱ្យមានជម្រាលសម្រាប់ជនមានពិការភាពនៅតាមអគាររដ្ឋបាល ក៏ដូចជាសំណង់-អគារទាំងឡាយណាដែលបម្រើឱ្យសេវាសាធារណៈលើវិស័យវប្បធម៌ រួមទាំងអគារឯកជនផងដែរ។


លោកបន្តថា វិស័យពិការភាពត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាវិស័យមួយដ៏សំខាន់ និងជាកាតព្វកិច្ចចម្បងរបស់យើងទាំងអស់គ្នាដែលត្រូវគិតគូរ ហេតុដូចនេះរាជរដ្ឋាភិបាល បានធ្វើបច្ចុប្បន្នភាព កែទម្រង់ស៊ីជម្រៅរួមទាំងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពនេះ ឱ្យស្របតាមបរិបទវឌ្ឍនភាព គោលការណ៍ អភិបាលកិច្ចល្អ ក្រមសីលធម៌វិជ្ជាជីវៈ នៃ ការដឹកនាំ គ្រប់គ្រង និងបរិយាបន្ន ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យ សិទ្ធិជនមានពិការភាពក្លាយជាការពិត។ ការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋរួមទាំងជនមានពិការភាព សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលស្របគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាណត្តិទី៧ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។


ជាមួយគ្នានេះលោក សុះ ស៊ុបអី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ សកម្មភាពជនពិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា មន្ត្រីរាជការកំពុងបម្រើការ ក្នុងអង្គភាពថ្នាក់កណ្តាល និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ព្រមទាំងអង្គភាពចំណុះក្រសួងវប្បធម៌និងវិចិត្រ សិល្បៈដទៃទៀតក្នុងពេលនេះគឺសរុបចំនួន ២.៤៦៤នាក់ ក្នុងនោះមន្ត្រីមានពិការភាពកំពុងបម្រើការងារនៅក្រសួងវប្បធម៌ សរុបចំនួន១៥២នាក់ ស្រី៤៤នាក់ ដែលស្មើនឹង៦.១៦ភាគរយ ក្នុងនោះថ្នាក់កណ្តាល សរុបចំនួន៩៦នាក់ ស្រី២៧នាក់ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្តសរុបចំនួន៥៦នាក់ ស្រី១៧នាក់នៃមន្ត្រីរាជការក្របខ័ណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។


លោកបន្តថា សម្រាប់ស្ថិតិដែលបានរាយការណ៍ខាងលើនេះ គឺបានឆ្លុះបញ្ចាំងពីលទ្ធផលខ្ពស់លើសផែនការនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព អនុលោម តាមអនុក្រឹត្យនៃការជ្រើសរើសជនពិការចូលបម្រើការងារ៕

To Top