ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្វាគមន៍ក្រុមហ៊ុនមកពីតំបន់មជ្ឈឹមបូព៌ា ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd មកពីតំបន់មជ្ឈឹមបូព៌ា ក្នុងការស្វែងរកឱកាសវិនិយោគ នៅប្រទេសកម្ពុជា។

ការស្វាគមន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូនប្រតិភូនៃក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ដឹកនាំដោយ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបនេះ លោក នាយកប្រតិបត្តិក្រុមហ៊ុន បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រីអំពីសាវតារបស់ក្រុមហ៊ុន ព្រមទាំងការចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយផងដែរ។

លោកនាយកប្រតិបត្តិ ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជា រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកំពង់ផែ, វិស័យហិរញ្ញវត្ថុធនាគារ, វិស័យអប់រំ, និងការលើកម្ពស់សន្តិសុខស្បៀង តាមរយៈការកែច្នៃផលិតផលកសិកម្ម និងផលិតផលហាឡាល់(Halal) ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។

ជាមួយគ្នានេះ លោក ក៏បានស្នើសុំអនុសាសន៍ណែនាំពី លោកឧបនាយករដ្ឋមន្ត្រី អំពីបរិយាសវិនិយោគ និងវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនគួរនឹងពិចារណាបន្ថែម។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានជម្រាបបន្ថែមឱ្យកាន់តែច្បាស់អំពីសក្តានុពលវិជ្ជមាននានា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពចំហ ការការពារ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីវិស័យសក្តានុពលជាមុខសញ្ញាវិនិយោគផ្សេងទៀត ដែលក្រុមហ៊ុនគួរពិចារណារួមមាន៖ វិស័យកសិ-ឧស្សាហកម្ម, វិស័យយានយន្ត, វិស័យបច្ចេកវិទ្យាឌីជីថល, ការកែច្នៃចំណីអាហារ, និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិក ជាដើម៕

To Top