ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ លើកកម្ពស់កម្មសិទ្ធិបញ្ញា ដើម្បីទាក់ទាញការវិនិយោគ

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងពាណិជ្ជកម្ម និងសមាគមអតីតនិស្សិតកម្ពុជា-កូរ៉េ (CAMKAA) ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីការលើកកម្ពស់វិនិយោគនៅកម្ពុជា តាមរយៈកម្មសិទ្ធិបញ្ញា កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម និងការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មតាមប្រព័ន្ធអនឡាញ។

សិក្ខាសាលា ដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានគោលដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញារបស់កម្ពុជា តាមរយៈការលើកកម្ពស់ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម ការទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មបរទេស និងការសម្របសម្រួលការធ្វើពាណិជ្ជកម្មលើការរកឃើញថ្មីៗ។

នាឱកាសនោះ លោក ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «កម្មសិទ្ធិបញ្ញាជួយការពារសិទ្ធិរបស់តក្កករ អ្នកច្នៃប្រឌិត និងសហគ្រិន ដោយលើកទឹកចិត្តដល់ការអភិវឌ្ឍគំនិត និងបច្ចេកវិទ្យាថ្មីៗ។ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលំហូរចរន្តនៃការច្នៃប្រឌិត និងការវិនិយោគឱ្យកាន់តែមានសន្ទុះខ្លាំងក្លាផងដែរ»៕

To Top