ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានចេញជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ពេញលេញសេវារដ្ឋបាល លើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ការបញ្ជាក់អត្តសញ្ញាណបុគ្គល និងការបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល។
បើតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដោយមានកិច្ចសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ ពេញលេញសេវារដ្ឋបាលចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លើការ (១) ផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX (២) បញ្ជាក់ អត្តសញ្ញាណបុគ្គល និង (៣) បញ្ជាក់អំពីភាពត្រឹមត្រូវ នៃទិន្នន័យអត្តសញ្ញាណបុគ្គល។
កម្រៃសេវារដ្ឋបាល ខាងលើនឹងត្រូវអនុវត្តស្រប តាមខ្លឹមសារប្រកាសអន្តរក្រសួងលេខ៦០១ សហវ.ប្រក.អទច ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតលេខ៣៥៧ សជណ.ហធ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី៕



