ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃ៣០ មេសានេះ សម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកបានការ និងបន្តការឃុំខ្លួនជនជាប់ចោទតាមនីតិវិធី ដោយរក្សាការផ្តន្ទាទោសឈ្មោះ ស្រី ស៊ីណា សរុប ៣១ឆ្នាំ និងសងសំណងចិត្តដល់ជនរងគ្រោះ សរុបប្រមាណ ២លាន ៥៥ម៉ឺនដុល្លារ។ នេះបើតាមការចេញផ្សាយរបស់តេឡេក្រាមព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌។

ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ផ្តន្តាទោសដាក់ពន្ធនាគារ សរុបប្រមាណជាង៣០ឆ្នាំ (ទី១) ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, (ទី២) ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, (ទី៣) ពីបទ រំលោភលើលំនៅឋាន។ ក្នុងនោះបង្គាប់ជនជាប់ចោទសងសំណងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី សរុបចំនួនប្រមាណ ២លាន ៥៥ម៉ឺនដុល្លារ។
សំណុំរឿងទាំងនោះរួមមាន សំណុំរឿងទី១៖ ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្តាទោស ដាក់ពន្ធនាគារកំណត់ ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល ពីបទ ឃាតកម្ម និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុច បុរីប៉េងហួត-បឹងស្ទោរ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ។

ក្នុងសំណុំរឿងទី១នេះ ជនជាប់ចោទ ត្រូវបានបង្គាប់ឱ្យសងសំណងជម្ងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៊ាំង បូណា និងប្រពន្ធ ឈ្មោះ ស៊ីន សុខគីម ចំនួន ១,០០០,០០០ ដុល្លារ និងដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ចាន់ ឡុង និងប្រពន្ធឈ្មោះ ជា អញ្ជលី ចំនួន ១,០០០,០០០ ដុល្លារ។
សំណុំរឿងទី២៖ ជនជាប់ចោទ ស្រី ស៊ីណា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០ រៀល ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុច បុរី ប៉េងហួត-បឹងស្នោរ (ទីតាំងកើតហេតុ)។

ក្នុងសំណុំរឿងទី២ នេះ ជនជាប់ចោទ ត្រូវបានបង្គាប់ឱ្យសងសំណងជម្ងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះឈ្មោះ ហុង រិទ្ធារ័ក្សចំនួន ២០០,០០០ដុល្លារ និងដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ចំនួន ៣០០,០០០ដុល្លារ។
សំណុំរឿងទី៣៖ ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្តាទោសដាក់
ពន្ធនាគារកំណត់ ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល ពីបទរំលោភលើលំនៅឋាន ប្រព្រឹត្តនៅចំណុច បុរី ប៉េងហួត-បឹងស្នោរ (ទីតាំងកើតហេតុ)។
ក្នុងសំណុំរឿងទី៣នេះ បង្គាប់ឱ្យជនជាប់ចោទ សងសំណងជម្ងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ចំនួន ៥០,០០០ ដុល្លារ។
សូមបញ្ជាក់ថា ជនជាប់ឈ្មោះ ស្រី ស៊ីណាមុនតុលាការកាត់ទោសនេះមានងារជាឧកញ៉ា ។ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មានករណីកក្រើកមួយកើតបង្កឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងដោយសារឈ្មោះ ស្រី ស៊ីណាបានបាញ់ប្រហារទៅលើគូដណ្តឹង២នាក់ ស្លាប់យ៉ាងអណោចអធម និងបាញ់ទៅលើមនុស្ស២នាក់ទៀតរងរបួសនៅចំណុច បុរីប៉េងហួត-បឹងស្ទោរ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
