ស្វាយរៀង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំគ្រប់អង្គភាពទាំងអស់ ត្រូវជ្រើសរើស ឱ្យបានស័ក្តិសម សម្រាប់មន្ត្រី ទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ជៀសវាងមន្ត្រី ដែលទៅដល់មិន គោរពវិន័យបានល្អ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារហ្វឹកហាត់ និង សម្ពោធសមិទ្ធផលនានា របស់ក្លិបបាល់ទះ ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់ ថ្នាក់ដឹកនាំគ្រប់អង្គភាព នៃស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង ផ្ដល់ការលើកទឹកចិត្តគាំទ្រ បង្កលក្ខណៈងាយស្រួល ដល់កងកម្លាំងនគរបាល ដែលបានទទួលការអប់រំ បណ្តុះបណ្តាល ទាំងក្នុងនិងក្រៅប្រទេស ឱ្យបានទទួលតួនាទី និងមុខតំណែងស័ក្តិសម នឹងសមត្ថភាព ដើម្បីផ្តល់ការលើកទឹកចិត្តដល់ពួកគេ ដែលបានចំណាយពេល វេលាចាកឆ្ងាយពីគ្រួសារ និងខិតខំសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យ។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «គ្រប់អង្គភាពទាំងអស់ ត្រូវជ្រើសរើសឱ្យបានស័ក្តិសម សម្រាប់មន្ត្រីដែលត្រូវទៅទទួលការ បណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ជៀសវាងមន្ត្រី ដែលទៅដល់មិនគោរព វិន័យបានល្អ ឬទៅដល់មានបញ្ហាសុខភាព កាយសម្បទាមិនមាំទាំ ដែលមិនសាកសមសម្រាប់ការសិក្សារៀនសូត្រ និងហ្វឹកហាត់»។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានផ្តល់ការណែនាំថា ជាចាំបាច់ទន្ទឹមនឹងការខិតខំសិក្សារៀនសូត្រ គឺមន្ត្រីដែលទៅទទួលការបណ្ដុះបណ្ដាល ត្រូវតែខំគោរពឱ្យបាននូវវិន័យ ហើយព្យាយាមបង្កើតនូវទំនាក់ទំនងឱ្យបានល្អ ជាមួយនឹងមន្ត្រីដែលជាសិក្ខាកាមដូចគ្នា ក្នុងន័យផ្លាស់ប្តូរបទពិសោធ ចំណេះជំនាញ និងមានទំនាក់ទំនងល្អក្នុងការងារ។

ពីវេទិកាធិបតីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានផ្តល់ការណែនាំដល់នគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងក៏ដូចគ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវតែបន្តតម្កល់ជា អាទិភាពលើការងារគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ និងបង្កលក្ខណៈដល់បរិយាកាស នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕





