ព័ត៌មានជាតិ

សម្តេចធិបតី៖ ខេត្តតាកែវ ជាខេត្តទី៦ ឈានដល់ការបញ្ចប់ការវាស់វែង ​ចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ខេត្តតាកែវ ជាខេត្តទី៦ហើយ ដែលបានបញ្ចប់នៅក្នុងការវាស់វែង ​ចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ ដែលកិច្ចការងារនេះ ត្រូវបានជំរុញដល់ការធានា ជាកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋជាម្ចាស់ដី ។

ការប្រកាសរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ។

កន្លងទៅសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ខេត្ត​កំពង់​ចាម​ ​ក្លាយ​ជា​ខេត្ត​ដំបូង​គេ​នៅ​កម្ពុជា​ ដែល​បាន​បញ្ចប់​ការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ មានខេត្តជាបន្តបន្ទាប់ ដូចជា ខេត្តកែប ខេត្តកំពង់ស្ពឺ ក៏ត្រូវបានប្រកាសបិទបញ្ជប់ដូចគ្នា ។

ក្នុងឱកាសនោះ សម្តេចធិបតី បានសង្ឃឹមថា ការដោះស្រាយ នូវផលប៉ះពាល់ និងវិវាទ នឹងត្រូវបានកាត់បន្ថយ កាន់តែប្រសើរជាងនេះ តាមរយៈការវាស់វែងច្បាស់លាស់ ដែលនឹងជួយឱ្យប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធិ កាន់តែច្បាស់លាស់ លែងមានទំនាស់ ជាមួយអ្នកជិតខាង និងអាចលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា ដោយសារប្រព័ន្ធបញ្ហាដីធ្លី លែងកើតមានបន្តទៀត។

ស​ម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ល្ងាចនេះ ឯកឧត្តម សាយ សំអាល ត្រូវទៅចែកជាង៥ពាន់បណ្ណ នៅខេត្តព្រះសីហនុ ហើយថ្ងៃមុននៅតាកែវ អត់បានប្រកាស តាកែវដូចបញ្ចប់ដែរ ទៅម្សិលមិញអត់បានប្រកាស ឥឡូវប្រកាសតែម្តងឱ្យ ដូច្នេះជាខេត្តទី៦ហើយ ដែលបញ្ចប់នៅក្នុងការវាស់វែង ​ចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ ចុះបញ្ជីហើយអស់មានទំនាស់ហើយ យើងចេញទៅហើយប្រើប្រាស់ ចឹងកិច្ចការងារ គឺជាកញ្ចប់តែម្តង នៅក្នុងការធានានូវសិទ្ធិ និងកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាការធានានូវលំ នឹងនិងភាពច្បាស់លាស់ នៃការវិនិយោគ”៕

To Top