ភ្នំពេញ ៖ សហជីព និងកម្មករ ក្នុងវិស័យកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួល ជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យកម្មករមានជីវភាព កាន់តែធូរធាឡើង គឺជាស្មារតីស្រប តាមទិវាពលកម្មអន្តរជាតិ១ ឧសភា ។
លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជាមើលឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលតែងអនុញ្ញាត ឱ្យមានការចរចាដំឡើង ប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ មិនថាប្រទេសស្ថិតក្នុងវិបត្តិកូវិដ១៩ ឬស្ថានភាព សេដ្ឋកិច្ចពិភពលោក នៅតែមិនទាន់មានភាព ប្រាកដនិយមក៏ដោយ ។ ការដំឡើងប្រាក់ឈ្នួល ពិតជាបានជួយឱ្យកម្មករនិយោជិត មានជីវភាពប្រសើរជាងមុន ដោយគាត់មានប្រាក់សន្សំ យកទៅរួមចំណែកបង្កើត និងពង្រីកអាជីវកម្ម ជាមួយក្រុមគ្រួសារ ក៏ដូចជាចូលរួមបំពេញការងារកសិកម្ម នៅស្រុកកំណើតបង្កើត ចំណូលបន្ថែមបានទៀតផង ។

លោកថ្លែងថា៖«ម្យ៉ាងវិញទៀត បងប្អូនកម្មករខ្លះក៏បានរៀបចំសាងសង់ផ្ទះសំបែង ទិញសម្ភារៈប្រើប្រាស់ មានទូរសព្ទ ម៉ូតូជិះទៅធ្វើការ បង្កលក្ខណងាយស្រួល ដើម្បីបំពេញការងាររបស់គាត់ជាប្រចាំថ្ងៃថែមទៀតផង» ។
ស្រដៀងគ្នានេះលោក ឡេវ សំអាន កម្មកររោងចក្រ នៅម្តុំផ្លូវវេងស្រេង បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលជា បន្តបន្ទាប់រៀងរាលឆ្នាំនេះ សបញ្ជាក់ឱ្យឃើញថា រដ្ឋភិបាលតែងតែយកចិត្តទុកដាក់ ចំពោះកម្មករនិយោជិត ឱ្យមានការងារធ្វើទាំងក្នុងនិងក្រៅប្រទេស ឆាប់មានជីវភាពធូរធា។
លោកថ្លែងថា៖«ខ្ញុំសង្គេតឃើញថាការខិតខំប្រឹងប្រែងដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាកម្ពុជា បានធ្វើឱ្យបងប្អូនកម្មករកម្មការិនី ទាំងអស់មានជីវភាពធូរធា ហើយនេះសបញ្ជាក់ថាជាស្មារតីស្រប ទៅតាមទិវាពលកម្មអន្តរជាតិ ១ឧសភា។ ហើយខ្ញុំក៏សូមអរគុណទៅដល់ រាជរដ្ឋាភិបាកម្ពុជា ដែលខំប្រឹងស្វះស្វែងរកវិនិយោគមិនថា ក្នុងឬក្រៅប្រទេស ដើម្បីឱ្យបងប្អូនកម្មករទាំងអស់មានការងារធ្វើ» ។
ទន្ទឹមនេះលោក ទុយ កុសល ប្រធានសហព័ន្ធសហជីពរួបរួមអភិវឌ្ឍន៍កម្មករ និយាយថា ការដំឡើងប្រាក់ឈ្នួលបានធ្វើឱ្យជីវភាពកម្មករនិយោជិត ល្អប្រសើរ រីកចម្រើនខុសប្លែកពីមុន។ ជាក់ស្តែងកម្មករនិយោជិតមានលទ្ធភាពចំណាយសម្រាប់ការលំហែ ពេលឈប់សម្រាក ផ្គត់ផ្គង់ការសិក្សារៀនសូត្ររបស់កូនៗ មានប្រាក់សន្សំសម្រាប់ជួយអ្នកផ្ទះ ជាពិសេសឪពុកម្តាយសាច់ញាតិមានគុណ ជាដើម ។

លោកប្រាប់ថា៖«ការខិតខំដំឡើងប្រាក់ឈ្នួលរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យកម្មករមានជិវភាពធូរធា និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ កម្មករអាចមានលទ្ធភាពទិញម៉ូតូ ឡាន ជាពិសេសសាងសង់ផ្ទះ ដែលនេះគឺជាស្មារតីស្របតាមទិវាពលកម្មអន្តរជាតិ ១ឧសភា»។
នៅព្រឹកថ្ងៃទី១ ឧសភានេះ កម្មករ សហជីព និងអ្នកធ្វើការ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពីគ្រប់និន្នាការបានជួបជុំគ្នា អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៥ ដែលបង្ហាញពីសុខដុមនីយកម្ម ក្នុងវិស័យការងារ សិទ្ធិការងារត្រូវបានលើកកម្ពស់ សិទ្ធិសេរីភាពកម្មករនិយោជិត និងសហជីពកាន់តែល្អប្រសើរឡើង ៕
