កំពង់ស្ពឺ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានផ្តល់អនុសាសន៍ចំនួន៦ ជូនដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ។
ក្នុងពិធីអបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅក្នុងបរិវេណណសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ប្រតិបត្តិការផ្តល់ជំនួយសង្រ្គោះ ដោយគ្មានការរើសអើង បាននិងកំពុងអនុវត្តយ៉ាងសកម្ម គ្រប់ពេលវេលា គ្រប់ទីកន្លែង នៅទូទាំងប្រទេស ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គឺជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់តម្លៃមនុស្សធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ ចំនួន៦ ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ លើបញ្ហាទាំងអស់នេះ ដែលអាចនឹងកើតឡើងជាយថាហេតុ រួមមាន៖
ទី១. សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអនុសាខាកាកបាទក្រហមក្រុង ស្រុកទាំង៩ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ទី២. ត្រូវបន្តតាមដានជាប្រចាំពីសភាពការណ៍នានា នៅមូលដ្ឋាន និងស្វែងយល់ឱ្យបានស៊ីជម្រៅពីភាពងាយរងគ្រោះ ដើម្បីត្រៀមលក្ខណៈបង្ការ ទប់ស្កាត់ និងមានវិធានការដោះស្រាយផលប៉ះពាល់ទាំងនោះ។
ទី៣. ត្រូវយកចិត្តទុកដាក់សហការ គាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអប់រំផ្សព្វផ្សាយព័ត៌មានពីការការពារសុខភាព និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនានាជូនប្រជាពលរដ្ឋ។
ទី៤. គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមខេត្ត រួមជា មួយមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវសហការស្វែងយល់អំពីផលប៉ះពាល់ដែលបណ្តាល មកពីការប្រែប្រួលអាកាសធាតុដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ជាដើម ដើម្បីអាចក្តាប់សភាពការណ៍ និងឆ្លើយតប ពីផលប៉ះពាល់ទាំងនោះបានទាន់ពេលវេលា។
ទី៥. ត្រូវបន្តពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម តាមរយៈការបង្កើនចំណេះដឹង និងសមត្ថភាពជំនាញ ដើម្បីក្លាយជាកម្លាំងដ៏រឹងមាំក្នុងកិច្ចប្រតិបត្តិការមនុស្សធម៌។
និងទី៦. សូមចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ជំរុញផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោក ដើម្បីកាត់បន្ថយអាត្រាស្លាប់ និងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ស្របតាមពាក្យស្លោករបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើក “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕




