ភ្នំពេញ ៖ នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនស្រ្តី២នាក់ដែលមានម្នាក់ជាប្រពន្ធដើមដែឡបានបើករថយន្តដេញបំបុក និងប្រើហិង្សាទៅលើស្រ្តីជាអតីតសង្សាររបស់ប្តីខ្លួន កាលពីថ្ងៃ ១ ឧសភា ។

យោងតាមការផ្សព្វផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃ២ ឧសភា បានឲ្យដឹងថា កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនួ២នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលបានប្រើដំបងមូល ,ប្រើដៃ និងបើករថយន្តម៉ាក Raptor ដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែង និងខូចខាតរថយន្តមុខក្រោយទាំងស្រុង កាលវេលាម៉ោងប្រហែល២៣ និង៣០នាទីថ្ងៃទី១ ឧសភា ។

ជនសង្ស័យឃាត់ខ្លួនរួមមានទី១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង២-ឈ្មោះ អ៊ឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ ឈ្មោះចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្រាប់សម្ភាររងការខូចខាត គឺរថយន្ត១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយទាំងស្រុង ដោយសារជនសង្ស័យជាបក្ខពួក១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាក លេខកម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ ។ ក្នុងនោះកង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ក៏ខូចខាតផ្នែកខាងក្រោយទាំងស្រុង ។
បច្ចុប្បន្នជនសង្ស័យទាំង២រូប កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕


