ព្រះសីហនុ ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុននាវា MAERSK ដឹកនាំដោយលោក Tassilo Brinzer អនុប្រធាន សភាពាណិជ្ជកម្ម អឺរ៉ុបនៅកម្ពុជា (EuroCham) និងជាអនុប្រធាន ក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន(EU-ABC) រួមជាមួយ លោក Rutger Heijsteeg នាយកគ្រប់គ្រងក្រុមហ៊ុន MAERSK Cambodia និងជាអនុប្រធានគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម នៃ EuroCham។
កិច្ចប្រជុំនេះមានការចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.), លោក-លោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នទាំងពីរ, តំណាង EuroCham, តំណាង EU-ABC, និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងគោលបំណង ស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការរបស់ ក.ស.ស. ឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅសំដៅស្វែង រកឱកាសសហប្រតិបត្តិការ រួមគ្នានាពេលអនាគត។
ក្នុងនោះដែរមានការធ្វើបទបង្ហាញពីសំណាក់ ឯកឧត្តមប្រធានអគ្គនាយក ក.ស.ស. អំពី៖ សាវតានៃការអភិវឌ្ឍ, រចនាសម្ព័ន្ធគ្រប់គ្រង, សេវាកម្ម, ទិន្នន័យនៃការអភិវឌ្ឍ និងប្រតិបត្តិការ, ផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងផែនការមេសម្រាប់ពេលអនាគត។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមអំពី វិសាលភាពនៃវិស័យកំពង់ផែសមុទ្រនៅទូទាំងប្រទេស, វិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ, សមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជូន, និងវិស័យភស្តុភារកម្ម ដែលវិស័យទាំងអស់នេះ មានអំណោយផលទៅវិញទៅមក និងចូលរួមជំរុញឱ្យវិស័យកំពង់ផែ និងការដឹកជញ្ជូន តាមផ្លូវសមុទ្រនៅកម្ពុជា កាន់តែមានសក្តានុពលខ្ពស់ ថែមមួយកម្រិតទៀត។
បន្ទាប់ពីបានស្តាប់បទបង្ហាញដោយ លោកប្រធានអគ្គនាយក ក.ស.ស. និងការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូតំណាងក្រុមហ៊ុន MAERSK Cambodia បានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមាន និងជំនឿចិត្តខ្ពស់ចំពោះសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាវិស័យកំពង់ផែ និងវិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្ររបស់កម្ពុជាទាំងមូល។
តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា គណៈប្រតិភូដែលបានចូលរួម នឹងផ្សព្វផ្សាយ បន្តអំពីបទ ពិសោធន៍ល្អៗជុំវិញបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិន ផ្សេងៗទៀតនៅក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា សំដៅបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជំរុញកំណើន សេដ្ឋកិច្ចជាតិផងដែរ៕
