ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃប្រទេសកម្ពុជា និងអាជ្ញាធរនៃប្រទេសហ្វីលីពីន បានប្ដេជ្ញារួមសហការគ្នា ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើស ជួញដូរមនុស្សគ្រប់ទម្រង់ ខណៈប្រទេសទាំងពីរមានបទល្មើសបែបនេះ សកម្មភាពរបស់ជនល្មើសប្រព្រឹត្តិប្រហាក់ប្រហែលគ្នា។

ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីដំណើរ ត្រឡប់ពីចូលរួមកិច្ចប្រជុំទ្វេរភាគី រវាងគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន ក្រុមប្រឹក្សាអន្តរស្ថាប័នប្រឆាំង ការជួញដូរមនុស្ស និងស្ថាប័នពាក់ព័ន្ធ នៃប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះ ទាំងភាគីកម្ពុជា និងហ្វីលីពីន បានផ្លាស់ប្ដូរនូវបទ ពិសោធន៍ទៅវិញទៅមក ដើម្បីឆ្លើយតបនឹងអំពើ ជួញដូរមនុស្សគ្រប់ទម្រង់ ដែលមានករណីខ្លះ ក៏កើតលើជនជាតិហ្វីលីពីន ដែលមករស់នៅកម្ពុជាផងដែរ។

លោកស្រី បន្តថា សម្រាប់ភាគីហ្វីលីពីន បានបង្ហាញនូវបទពិសោធន៍របស់ខ្លួន លើការសង្គ្រោះ ការស៊ើបអង្កេត ការបង្ក្រាប និងការបញ្ជូនត្រឡប់នូវជនបរទេសដែលមានបញ្ហា ដែលនិយាយជារួមប្រទេសទាំងពីរ ទាំងបទពិសោធន៍ និងការជួបប្រទះបញ្ហានេះ មិនសូវមានការខុសគ្នានោះទេ ។

គួរបញ្ជាក់ថា សមាសភាពគណៈប្រតិភូនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលបានចូលរួមប្រជុំ រួមមានខាងក្រសួងមហាផ្ទៃ, ក្រសួងសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងយុត្តិធម៌, អគ្គស្នងការដ្ឋាន នគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកអគ្គរាជទូតកម្ពុជា ប្រចាំហ្វីលីពីនជាដើម ។

កិច្ចប្រជុំដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ និង៣០ ខែមេសា ឆ្នាំ២០២៥ ដើម្បីចែករំលែកបទពិសោធន៍ និងកង្វល់រួមគ្នា ដើម្បីពិនិត្យលទ្ធភាព ក្នុងការពង្រឹងកិច្ចសហការ លើការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ៕
