ភ្នំពេញ ៖ កម្ពុជា បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសេរីភាព សារព័ត៌មាន ធានាសុវត្ថិភាពអ្នកសារព័ត៌មាន និងលើកទឹកចិត្ត ឱ្យមានការសន្ទនា ប្រកបដោយភាពច្នៃប្រឌិត នៅគ្រប់វេទិកាទាំងអស់។
នេះបើយោងតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់ នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»។
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួម អភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម។
សម្តេចបវរធិបតី បន្ដថា កម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់ សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។
សម្តេចបវរធិបតី គូសបញ្ជាក់ថា «នៅកម្ពុជា យើងទទួលស្គាល់ការចូលរួមដ៏សំខាន់ របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងបាននាំយក ព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដែលជាទំនាក់ទំនងទ្វេមុខក្នុងទិសដៅរួមតែមួយគឺ ពលរដ្ឋទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយទាក់ទង នឹងច្បាប់លិខិត បទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ជូនប្រជាពលរដ្ឋ និង ការភ្ជាប់ពីសំណើសំណូមពរ និងបញ្ហាផ្សេងៗរបស់ពលរដ្ឋ ដើម្បីរាជរដ្ឋាភិបាល ដោះស្រាយ»។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា «កម្ពុជា សូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារ សេរីភាព សារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការ សន្ទនាប្រកបដោយភាព ច្នៃប្រឌិត នៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជា កាន់តែមានភាពរីក ចម្រើន ពោរពេញដោយគុណភាព»៕
