ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំបន្តចូលរួមប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចកើតចលាចលភាពវឹកវរ បាត់បង់សណ្តាប់ធ្នាប់សង្គម។
នេះបើយោងតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់ នៃបញ្ញាសិប្បនិម្មិត លើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»។
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍មួយចំនួន ដល់អ្នកសារព័ត៌មាន ដូចជា៖
ទី១. សូមបន្តផលិត និងផ្សព្វផ្សាយតែព័ត៌មានពិត សុក្រឹតត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ ឱ្យបានច្បាស់លាស់ នូវព័ត៌មានទាំងឡាយមុន នឹងផ្សព្វផ្សាយ ប៉ុន្តែសូម ចៀសវាងការផ្សព្វផ្សាយ ព័ត៌មានដែលគ្មាន ប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ ព័ត៌មាន មានចរិតញុះញង់ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សណ្តាប់ធ្នាប់សារធារណៈ និង វប្បធម៌ សង្គម សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងឯកជនភាពរបស់បុគ្គល ដែលត្រូវបានការពារដោយច្បាប់។
ទី២. ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោម ស្លាកសារព័ត៌មាន។
ទី៣. ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាច កើតចលាចល ភាពវឹកវរ បាត់បង់សណ្តាប់ធ្នាប់សង្គម ឬប៉ះពាល់ដល់ស្ថិរភាពជាតិ និង ត្រូវចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ។
ទី៤. ត្រូវបន្តពង្រឹង សមត្ថភាព ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ ព័ត៌មាន សុវត្ថិភាពព័ត៌មាន និងកិត្យានុភាព ស្ថាប័នសារព័ត៌មាន ក៏ដូចជាកសាងជំនឿ ទុកចិត្តកាន់តែខ្លាំង របស់ពលរដ្ឋលើសារព័ត៌មាន។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែក របស់ស្ថាប័នព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្តាញ ទំនាក់ទំនងសង្គម និងអ្នកប្រកបអាជីពក្នុង វិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងការធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ ៕
