ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កម្ពុជាអនុញ្ញាតឲ្យនាវានានា របស់ប្រទេស នៅជុំវិញពិភពលោកបានចូលសំចតនៅកំពង់ផែនសមុទ្ររាម បានបញ្ជាក់អំពីការភ្ជាប់ ទំនាក់ទំនងកាទូតរវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងអស់ ដោយគ្មានរើសអើងនោះទេ ។

សម្រាប់ករណីមូលដ្ឋានផែរាម ស្ថិតស្ថិតនៅក្នុងទឹកដីខេត្តព្រះសីហនុ មានអ្នកនយោបាយ ឧទ្ទាមក្រៅស្រុក និងអ្នកវិភាគ ដែលតាំងខ្លួនជាបណ្ឌិតវិភាគ ឯករាជ្យ បានលើកយកមកធ្វើជាប្រធានបទ ក្នុងការវាយប្រហារ មកលើថ្នាក់ដឹកនាំកម្ពុជាថា មានភាពលំអៀង ប្រទេសនេះប្រទេសនោះ តាមតែអំពើចិត្តរបស់ពួកគេ ដែលនឹកឃើញលើក យកមកវិភាគ វាយប្រហារដោយគ្មានទិសតំបន់ ។ ប៉ុន្តែសម្រាប់ការលើកឡើងដោយគ្មានមូលដ្ឋាននេះ ទាំងរាជរដ្ឋាភិបាលនិងមន្រ្តីពាក់ព័ន្ធបាន ចេញមកបកស្រាយជារឿយៗថា កម្ពុជាគ្មានការរើសអើង ចំពោះប្រទេសណាមួយទាក់ទងទៅនឹង មូលដ្ឋានសមុទ្ររាមនេះ ។

បើតាមលោកជា ធី រិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោក Yasutoshi Nishimura សមាជិកសភាជប៉ុន និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្ដែងការគួរសម នាថ្ងៃ២ ឧសភា ស្ថាបនិកអង្គការសម្ព័ន្ធ យុវជនអន្តរជាតិរូបនេះបានថ្លែង អំណរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលដែលអនុញ្ញាត ឲ្យនាវាកងកម្លាំងស្វ័យការពារ របស់ជប៉ុនបានចូលចតនៅផែរាមកាលពីពេលថ្មីៗដែលនេះជាការបើកចំហរស្វាគមន៍ របស់កម្ពុជាចំពោះនាវារបស់ ប្រទេសផ្សេងដោយពុំ មានការរើសអើង។

ជាការឆ្លើយតបចំពោះការលើកឡើង របស់លោក Yasutoshi Nishimura សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានបើកចំហរជានិច្ច ដោយគ្មានការលាក់លៀមអ្វីនោះទេ សម្រាប់មូលដ្ឋានកំពង់ផែសមុទ្ររាម ចំពោះប្រទេសដែលជាសម្ព័ន្ធមិត្ត របស់កម្ពុជា ដែលមានបំណងចូលចតនៅផែរាម ដោយមិនអនុវត្តចំពោះប្រទេស ណាមួយនោះឡើយសម្រាប់ឲ្យប្រើប្រាស់ផែនេះធ្វើជាកម្មសិទ្ធិផ្តាច់មុខ ។

សម្តេចធិបតីបន្តថា ការអនុញ្ញាតឲ្យនានាបរទេសចូលចត គឺជាសិទ្ធិនិងអធិបតេយ្យភាពរបស់កម្ពុជា ដោយគ្មានប្រទេសណាមួយមកបង្គាប់បញ្ជានោះទេ។

អ្នកនាំពាក្យព្រឹទ្ធសភាគូសបញ្ជាក់ដែរថា “សម្តេចតេជោក៏ចាត់ទុកដែរថា ការចតនាវាបរទេស នៅមូលដ្ឋានទ័ពរាមនេះ ក៏ជាផ្នែកមួយដែលកំពុងផែរាមក្លាយ ជាច្រកកាទូតមួយដ៏សំខាន់បន្ថែមទៀត ក្នុងការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា ក្នុងវិស័យកងទ័ព ជាផ្នែកមួយនៃកាទូតភ្ជាប់ទំនាក់ ទំនងជាមួយបណ្តាប្រទេសនានា” ។
សូមបញ្ជាក់ថា បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញ បើកសម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការ នូវសមិទ្ធផល ទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារនិង ហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន ផែរាម កាលពីថ្ងៃ៥ មេសា រួចមក នាវាជប៉ុន ត្រូវបានអនុញ្ញាត ឲ្យចូលសំចតមុនគេ បន្ទាប់មកកាលពីថ្ងៃ២៧ មេសា មាននាវាចម្បាំង របស់រុស្ស៊ី៣គ្រឿងចូលសំចត ។ មួយថ្ងៃក្រោយក៏មានវានា របស់វៀតណាមបានចូលចត តាមក្រោយផងដែរ ខណៈបើតាមការប្រកាសរបស់សម្តេចធិបតី នៅមាននាវាមកពីសហរដ្ឋអាមេរិក និងឥណ្ឌាចូលចតផងដែរ ៕





