ភ្នំពេញៈ គិតត្រឹមចុងខែមេសា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជា បានកើនដល់៤៥ ៣៧៣ សហគ្រាស ដែលបានផ្តល់ឱកាសការងារ ជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២ ខែឧសភានេះ។
លោកបញ្ជាក់ថា៖«រោងចក្រសហគ្រាសនៅកម្ពុជាយើងគិតត្រឹមថ្ងៃទី២៥ ខែមេសានេះ បានកើនឡើងពីចំនួន ៤៤ ៧៩៨ សហគ្រាសក្នុងឆ្នាំ២០២៤ ដល់ចំនួន ៤៥ ៣៧៣ សហគ្រាស មានន័យថារោងចក្រសហគ្រាស យើងមានការកើនឡើង ចំនួន៥៧៥សហគ្រាស»។
ទន្ទឹមនឹងការកើនឡើង ចំនួនរោងចក្រសហគ្រាសនេះ បានផ្តល់ឱកាស ដល់បងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៦ម៉ឺននាក់ មានការងារធ្វើ។ មិនតែប៉ុណ្នោះ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងការងារ តែងតែយកចិត្តទុកដាក់ ផ្តល់តម្លៃ លើកកម្ពស់សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ផ្សេងៗ ទាំងអ្នកធ្វើការក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ធ្វើយ៉ាងណាធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារសមរម្យ លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលសមរម្យ ទំនាក់ទំនងវិជ្ជាជីវៈល្អ ។
នេះបើតាមការបញ្ជាក់បន្ថែម របស់អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា កំណើនរោចក្រសហគ្រាសជាង៥០០សហគ្រាស ដែលបានដំណើរការបន្ថែមទៀតនៅកម្ពុជានេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យការងារនៅកម្ពុជា។ ទន្ទឹមនេះ ក៏បង្ហាញថា អ្នកវិនិយោគទុកចិត្តលើកត្តាសុខសន្តិភាពពេញលេញ និងបរិយាកាសវិនិយោគមានអំណោយផលល្អ។

លោកថ្លែងថា៖«ប្រទេសកម្ពុជាអនុវត្តបានយ៉ាងត្រឹមត្រូវចំពោះអនុសញ្ញាអន្តរជាតិខាងការងារ បទដ្ឋានការងារអន្តរជាតិនានាដែលអង្គការអន្តរជាតិខាងការងារគាត់តម្រូវទៅដល់ប្រទេសដែលជាសមាជិកត្រូវតែអនុវត្ត ហើយកម្ពុជាបានអនុវត្តបានយ៉ាងល្អប្រសើរទើបមានការទាក់ទាញអ្នកវិនិយោគជាពិសេសម្ចាស់ម៉ាកល្បីៗ»។
ទន្ទឹមនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានសាទរចំពោះកំណើន យ៉ាងសម្បើមនូវចំនួនរោងចក្រ សហគ្រាសនៅដើមឆ្នាំ២០២៥នេះ ដែលសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំធ្វើយ៉ាងណា ឱ្យមានការទុកចិត្តពីអ្នកវិនិយោគទាំងអស់។ ហើយអ្វីដែលជាទំនុកចិត្តអ្នកវិនិយោគ គឺការជឿជាក់លើកត្តាសុខសន្តិភាព ស្ថេរភាពនៅកម្ពុជា។

លោកថ្លែងថា៖«នេះជាអ្វីដែលយើងបានឃើញអំពីប្រទេស ដែលពោរពេញទៅដោយសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយល្អ ទើបធ្វើឱ្យបណ្តាអ្នកវិនិយោគមិនថាជនជាតិចិន ជប៉ុន កូរ៉េ អឺរ៉ុប អីផ្សេងៗគឺ បានកំពុងយកកម្ពុជា ធ្វើជាគោលដៅមួយក្នុងការជំរុញការផលិតការនាំចេញផ្សេង ទាក់ទងវិស័យឧស្សាហកម្មកាត់ដេរ ដំឡើងគ្រឿងបង្គំ គ្រឿងរថយន្តផ្សេង»។
ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន ក៏ដូចជាអាណត្តិថ្មីនេះ តែងធ្វើការទាក់ទាញអ្នកវិនិយោគថ្មីៗ ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋាភិបាលតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត លើកកម្ពស់លក្ខខណ្ឌការងារ ដំឡើងប្រាក់ឈ្នួល និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើន៕
