ភ្នំពេញ ៖ កងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន នឹង ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន ឈ្មោះថា «នាគមាស ២០២៥» រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១៤-២៨ ឧសភា ខាងមុខដែលមានវត្តមាន កងទ័ពទាំងពីរ ប្រទេសជាង២ពាន់នាក់ ខណៈជារៀងរាល់ឆ្នាំកម្ពុជា-ចិនតែងតែធ្វើសមយុទ្ធជាមួយគ្នា ។ ប្រធានបទឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ គឺ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌”។

សមយុទ្ធ «នាគមាស ២០២៥» រវាងកងទ័ពកម្ពុជានិងចិន សម្រាប់ឆ្នាំ២០២៥នេះ នឹងធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា ៖ ទី១. សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និង ដែនអាកាស ក្នុងតំបន់ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃ៦ ឧសភា។
សមយុទ្ធមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» លើប្រធានបទ “ប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា និងការងារសង្គ្រោះ មនុស្សធម៌” ក្នុងគោលបំណង អភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាព ប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង អំពើភេរវកម្ម។

ចំពោះកម្លាំងទ័ពចូលរួម ភាគីកម្ពុជាចំនួន ១.៣៣១នាក់ និងភាគីចិនចំនួន ៨៨៥នាក់។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត ។ ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជាC5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវ មួយចំនួនទៀត ។

សូមបញ្ជាក់ថា «នាគមាសឆ្នាំ ២០២៤»រវាងកងទ័ពកម្ពុជា-ចិនកាលលើកទី៦កាលពីឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» បានធ្វើឡើងពីថ្ងៃទី១៦-៣០ ឧសភា នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅខេត្តព្រះសីហនុ ។ ពេលនោះ សមយុទ្ធជើងគោកមានរថពាសដែក យន្តយុទ្ធគ្រប់ប្រភេទចំនួន ៦៩ គ្រឿង រួមទាំងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារជាច្រើនឈុត។ ចំណែកសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុបចំនួន ១៤ គ្រឿង និងឧទ្ធម្ភាគចក្រចំនួនពីរគ្រឿង៕
