ព័ត៌មានជាតិ

សម្តេចតេជោ ៖ សោកនាដកម្មខ្មែរ ពីអតីត មានឫសគល់ ចេញពីអន្តរាគមន៍ របស់បរទេស

ភ្នំពេញ ៖ ចេញពីទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាស់កកាយរំលឹក ពីអតីតកាលរបស់ខ្មែរថា សោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍ របស់បរទេស ទៅលើនយោបាយផ្ទៃក្នុង របស់កម្ពុជា ។

នាឱកាសអញ្ជើញធ្វើបឋកថា ក្រោមប្រធានបទ “កម្ពុជា និង អាស៊ាន, អាស៊ាន និង ពិភពលោក” នៅទីក្រុងហ្សាការតា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោបានលើកឡើង ជាច្រើនពីគុណសម្បត្តិ របស់សហគមន៍ អាស៊ាន ពីការមិនលូកដៃចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសជាសមាជិកអាស៊ាន ។ ចំណុចនេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា គោលការណ៍មិនជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសសមាជិកនេះ គឺជាកត្តាធំបំផុត ដែលទាក់ទាញកម្ពុជា ចូលអាស៊ាន ។

សម្តេចតេជោបានគូសរំលឹកថា “ជាទស្សនៈរួមនៃអ្នកដឹកនាំខ្មែរ, យើងមានការចងចាំថា សោកនាដកម្មរបស់កម្ពុជា មានឫសគល់ចេញពីអន្តរាគមន៍ របស់បរទេស ទៅលើនយោបាយផ្ទៃក្នុងរបស់កម្ពុជា ។ នៅពេលដែលឥទ្ធិពល នៃការប្រកួតប្រជែងរវាងមហាអំណាច បានរាលដាលដល់កម្ពុជា, ហើយមានការលូកដៃចូលជ្រៅទៅក្នុងនយោបាយផ្ទៃក្នុង ដែលឈានដល់ការធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ”។

សម្តេចតេជោបន្តថា នៅពេលនោះហើយដែលជាចំណុចចាប់ផ្តើម នៃការធ្លាក់ចូលអន្លង់ដ៏សែនជ្រៅ នៃការបែកបាក់ផ្ទៃក្នុង ហើយកម្ពុជាបាត់បង់ការកាន់កាប់លើជោគវាសនា ប្រទេសជាតិខ្លួន, កម្ពុជាបានក្លាយជាវេទិកា នៃសង្គ្រាម ដោយតួអង្គតំណាងផង និងជាសង្គ្រាមស៊ីវិល ប្រល័យពូជសាសន៍ជាតិឯងផង ។ ចេញពីមេរៀនប្រវត្តិសាស្ត្រនេះ, គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុង របស់អាស៊ាន ពិតជាមានភាពទាក់ទាញជាពិសេស សម្រាប់កម្ពុជា ។

សម្តេចតេជោបន្ថែមថា ស្មារតីសហគមន៍អាស៊ាន គឺការធ្វើការដោយគោរព គោលការណ៍កុងសង់ ស៊ីស ។ រឿងនេះសំខាន់ខ្លាំងណាស់ ដើម្បីធានាថា ប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នា គ្មានប្រទេសតូច , គ្មានប្រទេសធំ , គ្មានប្រទេសអ្នកមាន , គ្មានប្រទេសអ្នកក្រ , គ្មានប្រទេសចាស់ និងគ្មានប្រទេសថ្មី ។ អាស៊ានមិនបានធ្វើការ តាមរយៈការបោះឆ្នោត យកសំឡេងភាគច្រើននោះទេ ព្រោះការណ៍នេះ នឹងអាចនាំឱ្យមានការ បែកបាក់ផ្ទៃក្នុងអាស៊ាន ៕

To Top