ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិតាភោគ, ភូមិបល្ល័ង្គ, ភូមិព្រៃស្រង៉ែ, និងភូមិត្រពាំងជ្រៃ ក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ចំនួន៥ ៩៤១បណ្ណចប់សព្វគ្រប់ ប្រកបដោយភាពជោគជ័យ ពីអាជ្ញាធរខេត្តកំពង់ធំ ។

ការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិ លើអចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់បំផុត ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិ ការពារទ្រព្យសម្បត្តិស្របច្បាប់ តាមរយៈការផ្ដល់ ជូននូវបណ្ណកម្មសិទ្ធលើអចលនវត្ថុ ដែលជាឯកសារ បញ្ជាក់នូវសុវត្ថិភាព គតិយុត្ត ។ ក្នុងនោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ៥ ៩៤១បណ្ណ ដោយផ្ទាល់ ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងរ បស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ, លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍, រដ្ឋបាលស្រុកបារាយណ៍, ក្រុមការងារបច្ចេកទេស និងមន្ត្រីស្ម័គ្រចិត្ត ដោយក្រោមការតម្រង់ទិសរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, គ្រប់ផ្នែក គ្រប់ថ្នាក់ បានសហការគ្នាយ៉ាងរលូន ក្នុងការចុះបញ្ជីដីធ្លី និងរៀបចំបណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិទាំង៤ ក្នុងឃុំបល្ល័ង្គ បានចប់សព្វគ្រប់ ប្រកបដោយភាពជោគជ័យ៕








