ព័ត៌មានជាតិ

សម្តេចតេជោ ចង់ឃើញទំហំពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌូនេស៊ីកើនឡើងបន្ថែមទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបង្ហាញការយល់ឃើញ ចង់ឲ្យមានទំហំពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌូនេស៊ី មានកំណើនខ្ពស់ជាងរាល់ថ្ងៃនេះបន្ថែមទៀត ខណៈការផ្លាស់ប្តូរទំហំពាណិជ្ជទ្វេភាគីរវាងប្រទេសទាំងមានត្រឹមជាង១ពាន់លានដុល្លារ។

បើតាមអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ក្នុងឱកាសអនុញ្ញាតឲ្យលោកបណ្ឌិត មហាមេដ យូសុសកាឡា ប្រធានប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម នាថ្ងៃ៦ ឧសភា នាទីក្រុងហ្សាកាតា សម្តេចតេជោ បានមានប្រសាសន៍ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ីហាក់នៅមានកម្រិតនៅឡើយដែលសម្តេចបានទាមទារឲ្យភាគីទាំងពីរពង្រីកបន្ថែមទៀតនូវទំហំពាណិជ្ជ ខណៈសង្គ្រាមពាណិជ្ជកំពុងកើតមានឡើងនៅទូទាំងសកលលោក ។

អ្នកនាំពាក្យព្រឹទ្ធសភាបន្ថែមថា “សម្តេចតេជោបានរំលេចថា បច្ចុប្បន្នកម្ពុជានិងឥណ្ឌូនេស៊ីមានពាណិជ្ជកម្មត្រឹមតែ១ពាន់លានដុល្លារ ។ ដូច្នេះសម្តេចង់ឃើញប្រទេសទាំងពីរមានកំណើនពាណិជ្ជកម្មមានជាមួយគ្នាកើនឡើងបន្ថែមទៀត ពោលកាន់តែពិសេសទៀតនោះ នៅក្នុងអំឡុងពេលនៃសង្គ្រាមពាណិជ្ជកម្មដែលភ្ជាប់ជាមួយបញ្ហាភូមិសាស្រ្តនយោបាយបែបនេះ ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ត្រូវតែរួមគ្នាបន្ថែមទៀត នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្មនេះ”។

ក្រៅពីឲ្យមានកិច្ចសហការបន្ថែមទៅលើវិស័យពាណិជ្ជកម្មហើយ សម្តេចតេជោ ប្រធានព្រឹទ្ធសភាក៏បានឲ្យភាគីទាំងពីរ ត្រូវរួមសហការគ្នានៅក្នុងតំបន់អាស៊ានផងដែរ ។

ចំពោះសំណើររបស់សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បណ្ឌិត មហាមេដ យូសុសកាឡា បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេច ។ ដោយឯកឧត្តមបានបញ្ជាក់ពីសារៈសំខាន់ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី ជាពិសេសលើវិស័យពាណិជ្ជកម្ម ៕

To Top