ព័ត៌មានជាតិ

សម្ដេចតេជោ៖ បើក្រុមហ៊ុនឥណ្ឌូនេស៊ី ចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ជារឿងល្អ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ប្រសិនបើក្រុមហ៊ុនវិនិយោគឥណ្ឌូនេស៊ី ចាប់អារម្មណ៍ទៅលើការវិនិយោគការកែច្នៃផលិតផលស្វាយចន្ទី ឬការបង្កើតនូវរោងចក្រ កសិ-ឧស្សាហកម្ម ដើម្បីកែច្នៃ គឺជារឿងដែលមានសារៈសំខាន់ សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ។

នេះជាប្រសាសន៍របស់សម្តេចក្នុងឱកាសអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យបណ្ឌិត Dato’ Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ ប្រធានាធិបតីឥណ្ឌូណេស៊ី និងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្តែងការគួរសម នៅសណ្ឋាគារ JW Marriot រដ្ឋធានីហ្សាកាតា នាថ្ងៃ៦ ឧសភា ។

សម្ដេចតេជោបន្តថា កម្ពុជា កំពុងតែជំរុញឲ្យមានការវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្ម មានន័យថា ការកែច្នៃនូវផលិតផលរបស់កម្ពុជា។ សម្ដេចបានលើកជាឧទាហរណ៍ថា កម្ពុជា មានការផលិតស្វាយចន្ទីឈរលំដាប់ទី១ នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន។ ប៉ុន្តែការកែច្នៃយកទៅលក់នៅលើទីផ្សារបរទេសមានចំនួនតិច ។ ក្រៅពីនោះ កម្ពុជា នាំចេញទៅលក់នូវស្វាយចន្ទី ជាវត្ថុធាតុដើមទៅកាន់ប្រទេសវៀតណាម ។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត បានបង្ហាញការពេញចិត្ត ចំពោះការបង្ហាញផ្លូវ របស់សម្ដេចតេជោ ដែលលោកបានចាប់អារម្មណ៍ទៅលើការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់កម្ពុជា ។ លោកបានជម្រាបសម្ដេចតេជោថា លោកនឹងទៅបំពេញទស្សនកិច្ច នៅកម្ពុជា ដើម្បីសិក្សា និងស្វែងយល់អំពីឱកាសវិនិយោគបន្ថែមទៀត ៕

To Top