ព័ត៌មានជាតិ

សម្តេចធិបតី ទូរសព្ទទៅកាន់នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីអបអរសាទរ ភាពជោគជ័យ របស់គណបក្សសកម្មភាពប្រជាជន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានហៅទូរសព្ទទៅកាន់ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីអបអរសាទរ ជាមួយនឹងជោគជ័យ របស់គណបក្សសកម្មភាពប្រជាជន (People’s Action Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។

នៅក្នុងជំនួបតាមទូរសព្ទជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី សម្តេចធិបតី បានគូសបញ្ជាក់ថា កំណើននៃចំនួនអាសនៈ ក្នុងសភា ក៏ដូចជាសំឡេងឆ្នោតគាំទ្រ គណបក្ស PAP ដែលជាគណបក្សកាន់អំណាច បង្ហាញឱ្យឃើញច្បាស់នូវទំនុកចិត្តខ្ពស់ របស់ប្រជាពលរដ្ឋសង្ហបុរី ចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ។

ក្នុងនោះសម្តេចបានរំលឹកថា ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីលោក Lawrence Wong បានទទួលតំណែងជានាយករដ្ឋមន្ត្រី បានពិភាក្សាគ្នាជាច្រើន ក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេស និងប្រជាជនយើងទាំងពីរ។

ក្នុងឱកាសខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសិង្ហបុរី សម្តេចធិបតី មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី នឹងមានឱកាសធ្វើការរួមគ្នា ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ អោយកាន់តែល្អប្រសើរបន្ថែមទៀត ដែលនឹងផ្តល់ ផលប្រយោជន៍រួម ជូនប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចធិបតី ក៏បានបញ្ជាក់ថា នឹងរង់ចាំស្វាគមន៍ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី មកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាពេលអនាគត៕

To Top