ភ្នំពេញ៖ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រុមការងារបានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល ដល់ប្រជាពលរដ្ឋ និងសួរសុខបុគ្គលិក និងមន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសចុះពិនិត្យនេះ លោកសាស្ត្រាចារ្យបានអញ្ជើញពិនិត្យការផ្តល់សេវាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសម្រាកពេទ្យ និងកន្លែងបើកឱសថជូនអ្នកជំងឺ ប.ស.ស ។ល។ ឆ្លៀតក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ បានសំណេះសំណាលសាកសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រួសារ ព្រមទាំងបានផ្តល់សារគន្លឹះជូនប្រជាពលរដ្ឋលើការយកចិត្តទុកដាក់បង្ការ និងថែទាំសុខភាព ដើម្បីទទួលបានសុខភាពរឹងមាំជាប្រចាំ។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍គន្លឹះជូនដល់គ្រូពេទ្បពីវិធីសាស្ត្រមើលថែ និងព្យាបាលអ្នកជំងឺ ដើម្បីឱ្យការបម្រើសេវាព្យាបាលអ្នកជំងឺកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ជាទីបញ្ចប់ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអគ្គនាយកមន្ទីរពេទ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត និងបានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនឱ្យកាន់តែល្អប្រសើរឡើង៕






