ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនបណ្តោះអាសន្នទៅលើប្រពន្ធដើម និងជនជាប់ចោទម្នាក់ទៀតដែលប្រើហិង្សាលើស្រីស្នេហ៍របស់ប្តី ។



បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃ៧ ឧសភា ការមិនឃុំខ្លួនជាបណ្តោះអាសន្ននេះ ដោយសារជនត្រូវចោទឈ្មោះ ជា រីដា និងឈ្មោះ អ៊ុង លីមុំ ក្រុមស្រ្តីជាប្រពន្ធដើម បានទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តដោយសារកំហឹងមួយពេល និងស្ម័គ្រចិត្តយល់ព្រមទទួលខុសត្រូវចំពោះអំពើ និងការខូចខាតដែលខ្លួនបានបង្ក និងជនត្រូវចោទទាំងពីររូបនេះ កំពុងមានជំងឺប្រចាំកាយ។

ប៉ុន្តែទោះបីជាយ៉ាងណា ចៅក្រមស៊ើបសួរ ក៏សម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជំនួសការឃុំខ្លួនបណ្តោះអាសន្ន តាមមាត្រា ២២៦ ក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។ ចំពោះឈ្មោះ លាប ចត្រា ដែលជាគ្នីគ្នារបស់ប្រពន្ធដើម ចៅក្រមស៊ើបសួរ នឹងមានវិធានការបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃ ១ ឧសភា នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនស្រ្តី២នាក់ដែលមានម្នាក់ជាប្រពន្ធដើម និងតាមរកចាប់ខ្លួនបុរសម្នាក់ទៀតដែលបានបើករថយន្តដេញបំបុក និងប្រើហិង្សាទៅលើស្រ្តីជាអតីតសង្សាររបស់ប្តីខ្លួន ។ ក្រុមប្រពន្ធដើមបានប្រើដំបងមូល , ប្រើដៃ និងបើករថយន្តម៉ាក Raptor ដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែង និងខូចខាតរថយន្តមុខក្រោយទាំងស្រុង៕
