ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ មន្រ្តីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើសកម្មភាព ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៣ពាន់លើក។ បើតាមរបាយការណ៍គោលនយោបាយនេះ ទាំងតាមខ្នងផ្ទះ តាមសាលារៀន វត្តអារាម និងកម្មវិធីនានានោះ មានប្រជាពលរដ្ឋចូលរួមជាង១សែននាក់ទូទាំងប្រទេស។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ គោលនយោបាយនេះត្រូវបានផ្សព្វផ្សាយដោយអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលគ្រប់កម្រិតយ៉ាងសកម្មផុសផុល និងគ្មានទីបញ្ចប់ ដ្បិតការងារនេះជាមធ្យោបាយចាំបាច់ក្នុងការជំរុញឱ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ។
សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមានលក្ខណៈសម្បតិ្ត៧ រួមមាន ១.ការផ្ដល់សេវាសាធារណៈ ២.ទប់ស្កាត់បទល្មើសក្នុងសង្គម ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ៦.ការងារអនាម័យនិងបរិស្ថាន និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងជំងឺរាតត្បាតកាចសាហាវ៕
