ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែង វឌ្ឍនភាពគម្រោង អភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលសម្រេចបានប្រមាណ ៩៧% ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះបានអញ្ជើញចុះពិនិត្យជាក់ស្តែង វឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋកូរ៉េ ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ ។ ការងារសំខាន់ៗ របស់គម្រោងរួមមាន៖ ទី១)សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ទី៣)រូងទូនេលពង្វាងទឹករាង ជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទ សំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦)សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង ។

ក្នុងឱកាសចុះពិនិត្យការងារ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការសាងសង់ ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ គម្រោងនេះមានសក្តានុពលស្ដុកទឹកបានប្រមាណ ១៦៣,១លានម៉ែត្រគូប មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដី កសិកម្មប្រមាណ ៣៣០០០ហិកតានៅរដូវវស្សា និងប្រមាណ ៤៥០០ហិកតានៅរដូវប្រាំង គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួន នៅផ្នែកខាងក្រោម។

លោករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធ ធ្វើឱ្យការអនុវត្តគម្រោង សម្រេចបានតាមផែនការគ្រោងទុក ។

ក្នុងថ្ងៃដដែល លោករដ្ឋមន្ត្រី និងគណៈប្រតិភូក៏បានអញ្ជើញ ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ ទំនប់សាលាតាអន ស្ថិតក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ។ គម្រោងនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ ក្នុងគោលបំណង ដើម្បីស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែ ដែលជាដំណាក់កាលទី៣ ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប ហើយដែលគម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដី ស្រូវវស្សាចំនួន ១០៤០០ហិកតា និងស្រូវប្រាំងចំនួន ៤៧០០ហិកតា ៕

default
To Top