ព័ត៌មានជាតិ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា​ ក្នុងវត្តស្វាយពពែ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា​ ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការ និងសាសនា និងមានការទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមាន សម្តេចព្រះ អភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ​ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ និងបានទទួលការប្រោស ព្រះរាជទាននាមថា “ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា” ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សមិទ្ធផលដែលត្រូវសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖
១. អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព កម្ពស់៥ជាន់ មាន៣០បន្ទប់
២. ចាក់បេតុងនិងក្រាលកៅស៊ូផ្លូវ ក្នុងបរិវេណសាកលវិទ្យាល័យទាំងមូល

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង៧.៥ម៉ែត្រ បណ្តោយប្រវែង៣៦ម៉ែត្រ កម្ពស់៥ជាន់ ត្រូវនឹង៣០បន្ទប់ ក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់៣ថ្នាក់ចំនួន២ សម្រាប់និស្សិតស្នាក់នៅ ចំនួន៦នាក់ សរុបអាចឱ្យនិស្សិតស្នាក់នៅ​ ចំនួន១៨០នាក់។ អគារនេះ ត្រូវបានសាងសង់ឡើង ប្រើរយៈពេល១២ខែ ដោយបានប្រកាសសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលសម្តេចតេជោ បានឧបត្ថម្ភ ក្នុងការធ្វើផ្លូវកៅស៊ូ ក្រាលបេតុងទូទាំង បរិវេណវត្តស្វាយពពែ និងសួនច្បារមេត្តាសន្តិភាពខាងមុខ និងក្នុងបរិវេណវត្តស្វាយពពែផងដែរ៕

To Top