ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាព ​កម្ពុជា-ចិន សហការរៀបចំព្រឹត្តការណ៍ថ្មីៗ ​និងបង្កើនការផ្សព្វផ្សាយ​ ពីសក្តានុពលទេសចរណ៍ ក្នុងរដូវកាលបៃតង

ភ្នំពេញ៖ ​ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ជួបពិភាក្សា លើកិច្ចការសហការរៀបចំព្រឹត្តការណ៍ថ្មីៗ ​និងទាក់ទាញ ព្រមទាំងបង្កើនការផ្សព្វផ្សាយ​ ពីសក្តានុពលទេសចរណ៍ ដើម្បីឱ្យប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងរដូវកាលបៃតង (Green Season) ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Feng Hui អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន​ ប្រចាំនៅរាជធានីភ្នំពេញ នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សា អំពីការអនុវត្តផែនការសកម្មភាព​ ផ្នែកតាមខ្លឹមសារនៃអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ កម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលបានចុះហត្ថលេខា និងផ្លាស់ប្តូរក្រោម សក្ខីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតី ស៊ី ជីនភីង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋ កាលពីថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ២០២៥ កន្លងមក ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ តាមរយៈយុទ្ធសាស្រ្តថ្មីក្នុងទម្រង់ «ប្រព័ន្ធផ្សព្វផ្សាយ បូកទេសចរណ៍» ដើម្បីថត និងផ្សព្វផ្សាយតំបន់ ទេសចរណ៍នៃប្រទេសទាំងពីរ បង្កើនការយល់ដឹង ការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការរួមគ្នារៀបចំ សកម្មភាពផ្សព្វផ្សាយទេសចរណ៍ ជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយតារា និង Influencer ចិនដ៏ល្បីមកថតនៅប្រទេសកម្ពុជា ។​

ក្នុងជំនួបនេះ លោកប្រធានគ្រប់គ្រងវិទ្យុ បានប្រគល់ជូននូវលិខិតថ្លែងអំណរគុណ របស់លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ជូនឯកឧត្តមរដ្ឋមន្ត្រី ចំពោះការគាំទ្រ និងកិច្ចសហការរៀបចំ កម្មវិធីសម្ពោធការចាក់ផ្សាយកម្មវិធី “ប្រយោគបុរាណចិន ដែលលោកប្រធានាធិបតី Xi Jingping ចូលចិត្ត” ដែលបានទទួលនូវសមទ្ធិផលផ្លែផ្កា ដ៏ត្រចះត្រចង់ ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ជូនថា វិទ្យុមិត្តភាពកម្ពុជា-ចិន ជាផ្នែកមួយ នៃអគ្គស្ថានីយ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានឈ្មោះជាភាសា អង់គ្លេសថា China Media Group ហៅកាត់ថា CMG បង្កើតឡើងដោយការរួមបញ្ចូលគ្នា រវាងស្ថានីយ វិទ្យុមជ្ឈិមចិន (CCTV) ស្ថានីយវិទ្យុប្រជាជនមជ្ឈិមចិន (CNR) និងស្ថានីយវិទ្យុអន្តរជាតិចិន (CRI) ដោយសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ គឺជាស្ថាប័នផ្សព្វផ្សាយចម្រុះ ដែលមានទ្រង់ទ្រាយធំជាងគេ បរិមាណផលិតកម្មវិធីច្រើនជាងគេ និងដែនគ្របដណ្ដប់ទូលំទូលាយ ជាងគេលើពិភពលោក បច្ចុប្បន្នផ្សាយចេញនៅ ក្រៅប្រទេសចំនួន៨០ភាសា ៕

To Top