ព័ត៌មានជាតិ

អតីតមេបញ្ជាការរង វរសេនាតូចលេខ៣ ស្រក់ទឹកភ្នែករលីងរលោង អរគុណទឹកចិត្តឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានជួយឧបត្ថម្ភថវិកាចំនួន ៤៣០.០០០រៀល (៤៣ម៉ឺនរៀល) អង្ករចំនួន៣បេ ទឹកក្រូចចំនួន១កេស ទឹកសុទ្ធចំនួន១កេស ជួយដល់លោក ហួត សុខហឿន អតីតមេបញ្ជាការរង វរសេនាតូចលេខ៣ បច្ចុប្បន្នជាយោធិនសោធននិវត្តន៍ មានជំងឺប្រចាំកាយសម្រាកព្យាបាលនៅផ្ទះ។

ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានសំណេះសំណាល សួរសុខទុក្ខអំពីស្ថានភាពរស់នៅ ក៏ដូចជាស្ថានភាពជំងឺប្រចាំកាយរបស់លោក ហួត សុខហឿន និងបានជូនពរឲ្យបានឆាប់ជាសះស្បើយពីជំងឺ ។

ជាមួយគ្នានោះដែរក្នុងនាមមេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ បានថ្លែងនូវការដឹងគុណចំពោះ លោក ហួត សុខហឿន ជាយោធិនចូលនិវត្តន៍ ក៏ដូចជាយោធិនចូលនិវត្តន៍ និងយោធិនពិការគ្រប់ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកន្លងមកបានចំណាយពេលដ៏មានតម្លៃ ហើយស្ទើរពេញមួយជីវិត បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។ បើទោះបីជាបងប្អូនបានសម្រាកពីការងារក៏ពិតមែន ការចូលរួមចំណែកដល់សង្គមជាតិកន្លងមក គឺបានចូលរួមកកសាងអភិវឌ្ឍន៍ ការថែរក្សាសន្តិភាព ស្ថេរភាព ជាពិសេសការចូលរួមចំណែកកសាងជាតិ ជាមួយរាជរដ្ឋាភិបាលគ្រប់ដំណាក់កាល។

ក្នុងសំលៀកបំពាក់ខោជើងវែង អាវពណ៌ត្រេអ៉ីដៃខ្លី ដោយកាន់ឈើច្រត់ទាំងទឹកភ្នែករលីងរលោង លោក ហួត សុខហឿន បានថ្លែងអំរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្តមសេនីយ៍ទោ ហ៊ុន សំអុន ដែលជួយឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួននាពេលនេះ ដែលពិតជាតម្រូវការចាំបាច់សម្រាប់ដោះស្រាយ ជីវភាពប្រចាំថ្ងៃរបស់លោកនិងក្រុមគ្រួសារ ។ ទឹកចិត្តរបស់លោកមេបញ្ជាការ គឺពិតជាមិនមានអ្វីអាចកាត់ថ្លៃ បានដែលតែងតែងជួយរាល់ការលំបាក របស់បងប្អូនយោធិនសោធននិវត្តន៍កន្លងមក។

មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ មិនដែរបោះបង់ យុទ្ធមិត្តរូបណានោះទេ លោកតែងតែស្វែងរកដំណឹងអតីតយុទ្ធមិត្តទាំងអស់ ដែលធ្លាប់កំសត់កម្រជាមួយគ្នាក្នុងសមរភូមិ និងតែងតែស្កាត់ទៅជួបគ្នា ហើយជារឿយៗតែងតែចុះទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភចំពោះយុទ្ធមិត្តណាដែលមានការខ្វះខាត និងបញ្ហាផ្សេង ៕

To Top