ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មនុស្សមួយចំនួនហេតុ តែចង់បានអ្នកមើល តាមបណ្ដាញសង្គមច្រើន សុខចិត្តធ្វើទង្វើអសីលធម៌ គ្រប់បែបយ៉ាង ទោះបីសកម្មភាពនោះ បំពានសិទ្ធិអ្នកដទៃ និងប្រាសចាកពីសីលធម៌ខ្មែរក៏ដោយ។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា អ្នកលេងបណ្ដាញសង្គមមួយចំនួន ខ្លួនឯងក្មេងមើលងាយមនុស្សចាស់ ហើយអ្នកនយោបាយមួយចំនួន ប្រើប្រាស់មធ្យោបាយអសីលធម៌ជាដើម។
សម្ដេចបវរធិបតី មានប្រសាសន៍ថា «មានអ្នកប្រើប្រាស់ហ្វេកប៊ុកឥឡូវប្រើជេរគ្នា បញ្ជោរគ្នា ហែកគ្នា ធ្វើអាក្រក់ កាត់តអីផ្សេងៗ អ្នកខ្លះក្មេងចេញមកជេរចាស់។ បើគិតថាប្រជាជនកម្ពុជារាប់លាននាក់ ចូលចិត្តសកម្មភាពអសីលធម៌បែបនេះ ក៏ធ្វើទៅ តែទង្វើបែបនេះ ខ្ញុំគិតថា មិនអាចតំណាងរបស់ប្រទេសយើងទាំងមូលទេ»។
ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានឱ្យដឹងថា ទោះបីជាមានអ្នកព្យាយាមបង្កើតប្រធានបទក្ដៅទាក់ទាញអ្នកទស្សនាបានច្រើនក៏ពិតមែន មិនប្រាកដថា «អ្នកមើលទាំងអស់នោះ ជឿទៅលើរឿងដែលគេរៀបចំនោះឡើយ»។
ជាមួយគា្ននេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយពីភាពអវិជ្ជមាន និងបញ្ចេញសារអប់រំល្អ ដើម្បីគ្រប់ដណ្តប់រឿងអវិជ្ជមាន ព្រោះថា «រដ្ឋមិនចង់ប្រើច្បាប់ទេ ចង់ឱ្យមានការអប់រំគ្នា»៕
