ព័ត៌មានជាតិ

ក្រសួងការងារ បើកពិព័រណ៍ការងារ និងមគ្គទេសក៍ អាជីពរយៈពេល២ថ្ងៃ ជាមួយនឹងឱកាស ការងារជាង ៥៤០០ កន្លែង

ភ្នំពេញ ៖ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ដ៏ធំដែលរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នេះ នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នាព្រឹកនេះ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាពិព័រណ៍ការងារនេះ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏សកម្ម និងរស់រវើក ទាំងការរៀបចំផ្ទាល់នៅមួយកន្លែង និងតាមរយៈប្រព័ន្ធ Online ដោយបានកៀរគរប្រមូលផ្តុំនិយោជកពីវិស័យសំខាន់ៗ ឱ្យចូលរួមតាំងបង្ហាញអំពីឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្មដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយ សម្រាប់សិស្ស-និស្សិត យុវជន និងអ្នកស្វែងរកការងារចូលទស្សនា ដើម្បីបង្កើនជម្រើសការងារ និងការដាក់ពាក្យស្នើសុំការងារ ដែលខ្លួនពេញចិត្ត កន្លងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានរៀបចំឱ្យមានកម្មវិធីនេះឡើង ជារៀងរាល់ឆមាស សរុបចំនួន ៤លើក មានអ្នកអ្នកចូលរួមផ្ទាល់ចំនួន ១១ ៥៧២នាក់ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ (គិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤) ។

លោកបន្ថែមថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ការងារនេះតែងតែខិតខំរិះរកវិធីសាស្ត្រ ដើម្បីបង្កើតបរិយាកាសប្រកបដោយភាពសកម្ម និងឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យស្របតាមតម្រូវការរបស់និយោជក។ ជាក់ស្តែងថ្ងៃនេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសចំនួន ៣១ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៥ ៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាសជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារ, ធានារ៉ាប់រង និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, អេឡិចត្រូនិច, ព័ត៌មានវិទ្យា និងទូរគមនាគមន៏, អប់រំ, សំណង់, រដ្ឋបាល និងគ្រប់គ្រង, ប្រឹក្សាយោបល់ និងការជ្រើសរើសបុគ្គលិក, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈ ជាដើម។

លោករដ្ឋលេខាធិការក៏សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ បន្តចូលរួម សហការគ្នាឱ្យបានផុសផុលក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការទីផ្សារការងារ, ការលើកកម្ពស់វិស័យឯកជន និងការជំរុញឱ្យចូលដល់ឱកាសការងារចំពោះកម្លាំងពលកម្មថ្មី ។

លោក ជុំ បុរី សមាជិកគណៈអចិន្រ្តៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ និងជានាយកកម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ស.ស.យ.ក. រាជធានីភ្នំពេញ បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព បានចំនួន ៣លើក រួចមកហើយ ចាប់តាំងពីឆ្នាំ២០២២ កន្លងទៅនេះជាលើកទី៤ ហើយ នៃការរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ក្រោមប្រធានបទ “ការត្រៀមខ្លួនសម្រាប់អាជីពនៅក្នុងសម័យកាលឌីជីថល” ចង់បង្ហាញឱ្យឃើញនូវចក្ខុវិស័យដ៏វែងឆ្ងាយ ការគិតគូរម៉ត់ចត់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុវជន និងអនាគតយុវជន។

លោកបន្ថែមថាលើសពីនេះទៀត ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥ នេះ គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មានទីផ្សារការងារ និងឱកាសការងារកាន់តែទូលំទូលាយ និងជាវេទិកានាំយុវជន សិស្ស-និស្សិត ឱ្យមកទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពីអ្នកជំនាញ អ្នកស្រាវជ្រាវ ធុរជន និងក្រុមហ៊ុននានា ដើម្បីរៀបចំខ្លួន និងកំណត់គោលដៅជីវិតការងារ ឱ្យបានសមស្រប ជាមួយសភាពការណ៍ប្រែប្រួលនៃទីផ្សារការងារ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

សូមជម្រាបថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះធ្វើឡើង ក្នុងគោលបំណងសំខាន់បំផុត គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នា ដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ជូនដល់សាធារណជនដើម្បីកាន់តែងាយស្វែងរក, ងាយចូលរួម ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ៕

To Top