ព័ត៌មានជាតិ

សម្តេចតេជោ រំលឹកថា មិត្តចិនមិនដែលដាក់សម្ពាធលើកម្ពុជា ជាថ្នូរនឹងការដោះដូរជំនួយឡើយ

ភ្នំពេញ ៖ ថ្លែងចេញពីរាជធានីឌីលី ប្រទេសទីម័រឡេស្តេ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានរំលឹកពីការឲ្យតម្លៃមិត្តដែកថែបចិនថា រាល់ការផ្តល់ជំនួយអភិវឌ្ឍន៍នានាមកកាន់កម្ពុជា ចិនមិនដែលដាក់សម្ពាធ ឬលក្ខខណ្ឌណាមួយឲ្យកម្ពុជា ធ្វើតាមការចង់បានរបស់ខ្លួននោះទេ ខុសពីប្រទេសមួយចំនួន បានបញ្ជាឲ្យកម្ពុជាធ្វើនេះធ្វើនោះ ។

ក្នុងឱកាសអញ្ជើញថ្លែងបាឋកថាប្រធានបទ៖ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» ពីវិមានប្រធានាធិបតី ទីម័រឡេស្តេ នាថ្ងៃ៩ ឧសភា សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជារងទុក្ខវេទនា ដោយសារការជ្រៀតជ្រែក របស់មិត្តបរទេសមួយចំនួន ដែលភាពជាម្ចាស់របស់កម្ពុជា ត្រូវបានគេដណ្តើមយកទៅគ្រប់គ្រង ។

សម្តេចតេជោបន្តថា ក្នុងនោះគេបានចង្អុលបង្ហាញឲ្យកម្ពុជាធ្វើនេះ ធ្វើនោះ ប៉ុន្តែបើកម្ពុជាមិនព្រមធ្វើតាមនោះ គេនឹងកាត់ជំនួយចោលលែងជួយបន្តទៀត ខុសពីមិត្តចិនមិនដែលបង្គាប់បញ្ជាកម្ពុជាឡើយ ។

សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានរំលឹកពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅកម្ពុជាកាលពីថ្ងៃ១៧-១៨មេសា កន្លងមកបានធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់តែរឹងមាំឡើងបន្ថែមទៀត ។
ដោយសម្តេចតេជោបញ្ជាក់ថា “ចិនមិនដែលដាក់កំហិតឲ្យយើងធ្វើនេះធ្វើនោះទេ ។ តែចិនគោរព ។ ឧទាហរណ៍យើងត្រូវការជំនួយ ត្រូវការអីពីចិន ចិនអត់មានថា ត្រូវធ្វើនេះមុនធ្វើនោះក្រោយទេ ។ ចិនគោរពយើងខ្ញុំ”។

សម្តេចតេជោបន្តថា មហាមិត្តចិនបានជួយកម្ពុជា ច្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យជាដើម ប៉ុន្តែចិនមិនដែលដាក់លក្ខខណ្ឌឬសម្ពាធមកលើកម្ពុជានោះទេ ។

សម្តេចតេជោក៏បានលើកជាសំណើរ ទៅប្រទេសនានា និងដៃអភិវឌ្ឍន៍ផ្សេងទៀតត្រូវគោរពសិទ្ធិម្ចាស់ប្រទេស ដូច្នេះសុំដៃគូអភិវឌ្ឍន៍ទាំងអស់ បញ្ឈប់ការចេញបទបញ្ជាឲ្យប្រទេស មួយធ្វើតាមខ្លួនទើបព្រមផ្តល់ជំនួយ។

សូមបញ្ជាក់ថា ទីម័រឡេស្តេនេះ បានស្នើសុំឲ្យកម្ពុជា គាំទ្រប្រទេសខ្លួនឲ្យចូលជាសមាជិកអាស៊ានទី១១ ។ សម្រាប់សំណើរនេះ ជារឿយៗសម្តេចគាំទ្រ ហើយក្នុងពេលធ្វើបាឋកថានេះ សម្តេចសង្ឃឹមថា ទីម័រនឹងអាចចូលជាសមាជិកអាស៊ាន ៕

To Top