ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា តាមរយៈការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាល និងតាមរយៈពាក្យពេចន៍របស់មេដឹកនាំ នៃប្រទេសម្ចាស់ផ្ទះទាំងពីរ ក៏ដូចជា គ្រឿងឥស្សរិយយស ខ្ពស់បំផុតដែល សម្តេច ទទួលបាន សបញ្ជាក់យ៉ាងច្បាស់ថា វីរភាព សម្តេចតេជោ ហ៊ុន សែន បន្តរះចិញ្ចែង លើឆាកតំបន់ និងអន្តរជាតិ។

តាមរយៈបណ្ដាញ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានឱ្យដឹងទៀតថា ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលមានអត្ថន័យដ៏ធំធេង មហិមាសម្រាប់កម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

នៅឥណ្ឌូនេស៊ី ក្រៅពីការទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយសចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធមក្រៃលែងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានហៅសម្តេច ហ៊ុន សែនថា ជារដ្ឋបុរសដ៏មានបទពិសោធនៅអាស៊ីអាគ្នេយ៍ ។ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភាឥណ្ឌូនេស៊ីក៏បានផ្តល់ តម្លៃយ៉ាងខ្ពស់ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារដ្ឋបុរស ដ៏មានឥទ្ធិពល និងបានកោតសរសើរមិនដាច់ ពីមាត់ពីវីរភាពរបស់សម្តេចក្នុងបុព្វហេតុជាតិមាតុភូមិ ដែលបានទាញកម្ពុជាពីភាពកំសត់ ទុគ៌តដ៏គួរឱ្យអាណិតអាសូរ មកជាប្រទេសដែលមានមុខមាត់ លើឆាកតំបន់និងអន្តរជាតិ។

នៅទីម័រឡេស្តេ ពិធីបដិសណ្ឋារកិច្ចរឹត តែវិសេសវិសាលថែមទៀត ដោយ លោក ចូហ្សេរ៉ាមូដ អរតា បានបើករថយន្តដោយផ្ទាល់ជូនដំណើរ សម្តេចតេជោ ពីព្រលានយន្តហោះឆ្ពោះ ទៅកាន់សណ្ឋាគារក្រោមការសាទរ យ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលឈរអបអរសាទរតាមដងផ្លូវយ៉ាងច្រើនកុះករ។ លោក ប្រធានាធិបតី បានហៅ សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នករំដោះ ជីវិតប្រជាពលរដ្ឋខ្មែរ និងជាស្ថាបនិក កសាងកម្ពុជាសម័យទំនើប ជាមិត្តដ៏ល្អអស្ចារ្យ របស់ទីម័រឡេស្តេ ។ លោក ប្រធានាធិបតីក៏បានបំពាក់គ្រឿង ឥស្សរិយយសថ្នាក់ខ្ពស់បំផុត ជូនសម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឋានៈជាឥស្សរជន ដែលមានគុណបំណាច់និង បានចូលរួមវិភាគទានយ៉ាងធំធេងចំពោះទីម័រឡេស្តេ។

មិនមែនមានតែថ្នាក់ដឹកនាំប្រទេសទាំងពីរទេដែលបានផ្តល់តម្លៃនិងការគោរពយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន បែបនេះ ប៉ុន្តែ បណ្តាប្រទេសផ្សេងទៀត ទាំងក្នុងតំបន់និងក្រៅតំបន់ក៏បានផ្តល់តម្លៃដូចគ្នាដែរ ។ គុណតម្លៃនេះស្តែងឡើង តាមរយៈការលះបង់និងស្នាដៃ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូយកជីវិត ធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតខ្មែរ រាប់លាននាក់ចេញពីសេចក្តីស្លាប់ បានកសាងប្រទេសឡើងវិញ ពីគំនរផេះផង់ឱ្យរីកចម្រើន យ៉ាងឆាប់រហ័សមិន ដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ និងបានបញ្ចប់ សង្គ្រាមដែលអូស បន្លាយជិត៣ទសវត្សរ៍ ហើយនាំមកនូវសន្តិភាពពេញ លេញជូនប្រទេសជាតិ តាមរយៈនយោបាយឈ្នះឈ្នះ។ សម្តេចក៏បានចូលរួមវិភាគទានយ៉ាង ច្រើនសម្រាប់ផលប្រយោជន៍តំបន់។

កេរ្តិ៍ឈ្មោះនិងឥទ្ធិពល របស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែទទួលបានការផ្តល់ តម្លៃពីសំណាក់ ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែបានហៀរចេញពីព្រំដែនកម្ពុជា ជ្រាបចូលទៅក្នុងតំបន់និងក្នុង ពិភពលោក តាមរយៈការចូលរួមចំណែកយ៉ាងសំខាន់ របស់សម្តេចក្នុងការកសាងសន្តិភាព សម្រាប់មនុស្សជាតិ នៅលើភពផែនដី ។ ស្នាដៃនិងគុណតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាធនធានមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ ពិតជាស័ក្តិសមណាស់ក្នុងការទទួលបាននូវមហាកិត្តិយស ដែលផ្តល់ជូនដោយប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំក្នុងតំបន់ និងពិភពលោក ។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះរដ្ឋបុរសដ៏ឆ្នើមរបស់ខ្លួន ដែលបាននិងកំពុងរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ ៕

