ព័ត៌មានជាតិ

បណ្ណាល័យមេគង្គ-ឡានឆាង ជាឆ្អឹងខ្នង នៃការរួមចំណែកអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាបានចុះទៅពិនិត្យ វឌ្ឍនភាព នៃការកែលម្អបណ្ណាល័យឡានឆាង-មេគង្គ (ទី៣) ស្ថិតនៅក្នុងសាលាបឋមសិក្សាព្រែកលាប ។

លោក អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះអំណោយដ៏ថ្លៃថ្លា របស់មជ្ឈមណ្ឌលប្រទេសចិន សម្រាប់បោះពុម្ពនិង ចែកផ្សាយសៀវភៅ ទៅកាន់បរទេស តាមរយៈកិច្ចសម្របសម្រួល ពីសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិនដែលស្ថាប័នទាំងពីរ បានរួមចំណែកយ៉ាងសកម្ម នៅក្នុងកម្មវិធីសប្បុរស ធម៌កម្ពុជា «វប្បធម៌អំណានមេគង្គ-ឡានឆាង»។

លោកបានរំលេចពីតួនាទីដ៏សំខាន់ ដែលមិនអាចខ្វះបាននៃការធ្វើទំនើបកម្ម បណ្ណាល័យនៅក្នុងការអភិវឌ្ឍអំណាន ហើយបណ្ណាល័យមេគង្គ-ឡានឆាង ត្រូវបានលោកចាត់ទុកថាជាឆ្អឹងខ្នង ដ៏សំខាន់មួយនៅក្នុងការរួមចំណែក អភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ។

លោក គូ រចនា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌជ្រោយចង្វារ បានសាទរនឹងសមិទ្ធផលថ្មី ដែលនឹងរួចរាល់នាពេលដ៏ខ្លី ខាងមុខសម្រាប់ទទួលស្វាគមន៍ មិនត្រឹមសិស្សានុសិស្ស និងមហាជនទូទៅប៉ុណ្ណោះទេ តែការកែលម្អបណ្ណាល័យក្រោមជំនួយពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅដែលនឹងបន្ថែមសៀវភៅអានជាភាសាចិននឹងក្លាយជាវេទិកាសដ៏សំខាន់ដល់អ្នកសិក្សាភាសាចិនក្រៅម៉ោងនៅក្នុងសាលាបឋមសិក្សាព្រែកលាបថែមទៀត។

លោកស្រី ហុក ច័ន្ទទី នាយិកាសាលាបឋមសិក្សាព្រែកលាប បានថ្លែងដោយក្តីរីករាយថា នេះជាលើកទី១ ដែលទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ដោយផ្ទាល់ពីអាណាព្យាបាល និងពីសិស្សានុសិស្ស ដែលបានឃើញពីសោភណភាព របស់បណ្ណាល័យនេះ ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលទៅទទួលសេវាកម្ម លើផ្នែកអំណាននេះ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថាមូលនិធិសប្បុរសធម៌ សុខភាពសាធារណៈបេកាំង និង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស គឺជាទម្រដ៏សំខាន់នៅក្នុងកិច្ចបង្កើនអំណាន ក្នុងប្រទេសកម្ពុជា ។ គិតចាប់ពីឆ្នាំ២០២២មក នេះជាបណ្ណាល័យទី៣ ដែលត្រូវបានកែលម្អនិងធ្វើទំនើបកម្ម ស្របនឹងប្រសាសន៍របស់លោកបានលើកយកប្រសាសន៍របស់ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនថា «អ្វីដែលប្រជាជនចូលចិត្ត ត្រូវលើកតម្កើង អ្វីដែលប្រជាជនស្អប់ ត្រូវទប់ស្កាត់»៕

To Top