ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារ ចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានអញ្ជើញធ្វើដំណើរ ចាកចេញពីមាតុភូមិកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីនៃសហរដ្ឋអាម៉េរិក ដើម្បីបំពេញបេសកកម្ម ក្រោមការចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជុំវិញការងារចរចា លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។

បេសកម្មនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ(Zoom) ចំនួនពីរលើក រវជាមួយភាគីតំណាង ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។
ជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការ ក.អ.ក. លោកឧបនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពី លោកស្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោកបណ្ឌិត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានជួបប្រជុំពិភាក្សា តាមប្រព័ន្ធZoom ជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ។

កិច្ចប្រជុំលើកទី១នេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន លោក Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញពីសុឆន្ទៈសុំបើកការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក ។ ជាកិច្ចបន្ត ជំនួបលើកទី២ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក.អ.ក. ដោយបានជួបប្រជុំ ពិភាក្សាតាមប្រព័ន្ធ Zoom ជាមួយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និងបានផ្តោតសំខាន់ លើវឌ្ឍនភាពការងារ និងការត្រៀមលក្ខណៈសម្រាប់ការចរចាដោយផ្ទាល់ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម បដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិ ។
បច្ចុប្បន្នភាគីកម្ពុជា តាមរយៈក្រុមការងារ ចំពោះកិច្ច បានត្រៀមលក្ខណៈរួចរាល់គ្រប់ជ្រុងជ្រោយ ក្នុងការចូលរួមក្នុងកិច្ចចរចា ទ្វេភាគីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយបើកទូលាយ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាម៉េរិក ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគីដែលមានភាពស៊ីជម្រៅ ប្រកបដោយសមធម៌ និងតុល្យភាព សំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញទៅមក តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយនេះ។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធាន ដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក តាមរយៈការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
គួររម្លឹកដែរថា៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក បានប្រកាសចេញនូវការ អនុវត្តពន្ធគយបដិការទៅលើជាង ១៨០ប្រទេស នៅទូទាំងពិភពលោក ដោយក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ៕
