ព័ត៌មានជាតិ

ក្រសួងការងារ និងអង្គការ ILO បញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងការជំរុញ ការងារសមរម្យ និងយុត្តិធម៌សង្គម

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការបង្កើតគោលនយោបាយ ដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ” នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោក​ សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការប្រគល់ជូននូវវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះ សរុបចំនួន ៤៤នាក់ ផងដែរ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនោះ លោក​សោម ចំណាន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសរបស់សមាសភាពត្រីភាគី ដែលជាអ្នកចូលរួមបង្កើតគោលនយោបាយ ដើម្បីទទួលបានចំណេះដឹង អំពីគោលការណ៍សំខាន់ៗ របស់អង្គការអន្តរជាតិខាងការងារ ILO, ទស្សនទាននៃការងារសមរម្យ និងដំណើរការនៃការកសាង គោលនយោបាយក្នុងបរិបទ នៃការងារសមរម្យ ព្រមទាំងភាពខុសគ្នា រវាងការកសាងគោលនយោបាយ ដោយផ្អែកលើការស្រាវជ្រាវ និងការកសាងគោលនយោបាយ ដោយផ្អែកលើភស្តុតាង ជាពិសេសវិធីសាស្ត្រ ស្រាវជ្រាវ និងការកសាងគោលនយោបាយ ការវាយតម្លៃភស្តុតាងសម្រាប់ការងារសមរម្យ និងការទំនាក់ទំនងនិងការតស៊ូមតិសម្រាប់ការងារសមរម្យ ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសកម្ពុជានិងអង្គការ ILO ក្នុងការជំរុញការងារ សមរម្យ និងយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយក៏បានស្នើសុំឱ្យសិក្ខាកាមទំាងអស់ យកចំណេះដឹងដែលទទួលបាន ពីការបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ ទៅអនុវត្ត និង ជាធាតុចូលក្នុងការកសាង គោលនយោបាយស្រប តាមបេសកកម្មអង្គភាពរបស់ខ្លួន ដើម្បីរួមចំណែកក្នុងការ លើកកម្ពស់ការងារសមរម្យនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ILO បានសហការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការបង្កើតគោលនយោបាយ ដោយផ្អែកលើភស្តុតាង សម្រាប់ការងារសមរម្យ” ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើការបណ្តុះបណ្តាល ដោយអ្នកជំនាញពីអង្គការអន្តរជាតិការងារ ILO លើប្រធានបទសំខាន់ៗដូចជា ទី១. អង្គការអន្តរជាតិខាងការងារ (ILO) កិច្ចសន្ទនាសង្គម និងការងារសមរម្យ ទី២. ការបង្កើតគោលនយោបាយ ដោយផ្អែកលើភស្ដុតាង សម្រាប់ការងារសមរម្យ និងទី៣. ដំណើរការនៃការបង្កើត គោលនយោបាយ ដោយផ្អែកលើភស្ដុតាង ដែលរួមមាន ការកំណត់សំណួរគោលនយោបាយ, ការស្វែងរកភស្ដុតាង, វាយតម្លៃភស្ដុតាង, ការសំយោគភស្ដុតាង, ការអនុវត្ត, ការទំនាក់ទំនងភស្ដុតាង, និងការតាក់តែង សេចក្ដីព្រាង នៃគោលនយោបាយសង្ខេប ៕

To Top