កំពង់ឆ្នាំង ៖ ផ្ទះលោកគ្រូបង្រៀនម្នាក់ ឈ្មោះ ស្រី ភន មានទីលំនៅ ក្នុងភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានសភាពទ្រុតទ្រោមយ៉ាងខ្លាំង ទៅហើយនោះ ទើបមានថវិកាជួសជុល និងសាងសង់ថ្មី ត្រូវបានមេភូមិ ចុះមកហាមឃាត់ មិនឱ្យជួសជុល និងសាងសង់ទៅវិញ។
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានចេញលិខិតអនុញ្ញាតឱ្យ លោកគ្រូ ស្រី ភន ជួសជុល និងសាងសង់ផ្ទះ ដែលមានទីតាំងនៅកន្លែងដដែល។
នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ឈ្មោះ Panha Phon បានបង្ហោះនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ មានខ្លឹមសារទាំងស្រុង ថា ៖
ខ្ញុំបាទសូមគោរពចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាបិតាស្ថាបនិកនាំយកមកនូវសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត , សូមគោរព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ,សូមគោរព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា , ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរពដ៏ខ្ពង់ខ្ពស់។
ថ្ងៃនេះ ខ្ញុំបាទឈ្មោះ ភន បញ្ញា តំណាងឱ្យក្រុមគ្រួសារ ដែលមានលោកឪពុក ឈ្មោះ ស្រី ភន ជាគ្រូបង្រៀន និងជានាយកសាលារៀនអនុវិទ្យាល័យខ្លាគ្រហឹម ដែលរស់នៅ ភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អនុញ្ញាតគោរពជូនថ្នាក់ដឹកនាំមេត្តាជ្រាបថា ៖ លោកឪពុករបស់ខ្ញុំ បានចូលបំរើការងារជាមន្ត្រីរាជការ (គ្រូបង្រៀន) ជាង ៣០ឆ្នាំមកហើយ និងបានបន្តធ្វើជាគ្រូបង្រៀនរស់នៅតំបន់ខាងលើជាង ២០ឆ្នាំ ដោយបានសាងសង់ផ្ទះធ្វើអំពីឈើប្រក់ដំបូលស័ង្កសី លាយស្លឹកត្នោត ជញ្ចាំងស័ង្កីសី និងសសរធ្វើអំពីឈើ នៅទីតាំងមួយកន្លែងជាប់មាត់ទន្លេ ជំហៀងផ្លូវ ទល់មុខសាលារៀនខាងលើ។ ជាង ២០ឆ្នាំមុន ដោយសារតែទីតាំងខាងលើ ជាតំបន់ដាច់ស្រយាល ជួបការលំបាក មានទឹកជំនន់ដូចនេះ គ្រូបង្រៀនផ្សេងៗទៀត ដែលទៅបង្រៀននៅតំបន់នោះ អ្នកខ្លះ ក៏ត្រូវស្នាក់នៅក្នុងសាលារៀនផង និងខ្លះទៀតត្រូវធ្វើរោងស្នាក់នៅជាដើម។
ដោយឡែក ឪពុករបស់ខ្ញុំ ដោយមានការឯកភាព ពីអាជ្ញាធរមូលដ្ឋានជំនាន់មុន បានអនុញ្ញាតឱ្យសាងសង់ផ្ទះដែលមានស្ថានភាព ដូចបានរៀបរាបខាងលើ រស់នៅ និងលក់ដូរ អាស្រ័យផល ជាមួយក្រុមគ្រួសារ ដែលមានអ្នកម្តាយរបស់ខ្ញុំ ជាអ្នកលក់ដូរបន្តិចបន្ទួច ដើម្បីជីវភាពប្រចាំថ្ងៃ និងកូនប្រុសចំនួន ៣នាក់ទៀត រួមទាំងខ្ញុំផងដែរ។ ជាង ២០ឆ្នាំកន្លងមកនេះ ទោះបីជាជីវភាពរបស់ក្រុមគ្រួសាររបស់ឪពុកខ្ញុំ ជួបភាពលំបាកយ៉ាងណាក៏ដោយ តែលោកឪពុករបស់ខ្ញុំ បានខិតខំប្រឹងប្រែងតស៊ូឱ្យកូនប្រុសទាំង៣ បានរៀនសូត្រចប់មហាវិទ្យាល័យ និងមានគ្រួសាររៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។ ក្រៅពីតស៊ូឱ្យកូនរៀន មានការងារធ្វើ មានក្រុមគ្រួសារ លោកឪពុករបស់ខ្ញុំ ក្នុងអាជីពជាគ្រូបង្រៀន បានខិតខំប្រើចំណេះរបស់ខ្លួន កសាងធនធានមនុស្សនៅមូលដ្ឋានដាច់ស្រយ៉ាលនេះ បានបង្ហាត់បង្រៀនកូនរបស់អ្នកភូមិ រហូតទទួលបានការកោតសរសើរពីប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនោះ ឪពុករបស់ខ្ញុំ ក៏បានចូលរួមកិច្ចការងារអភិវឌ្ឍន៍មូលដ្ឋាន កិច្ចការងារសង្គម ការងារបរិស្ថានជាដើម។ ហើយពិសេស គឺបានខិតខំកៀងគរ ទំនាក់ទំនង ទៅកាន់ថ្នាក់ដឹកនាំ សប្បុរសជននានា ឱ្យចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន ពិសេសគឺបរិវេណអនុវិទ្យាល័យខ្លាគ្រហឹមផ្ទាល់តែម្តង។
ក្រោមមូលហេតុនៃការតស៊ូឱ្យកូនរៀន មានការងារធ្វើនេះហើយ ទើបធ្វើឱ្យលោកឪពុករបស់ខ្ញុំ មកទល់ពេលនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកទិញដី ដើម្បីធ្វើលំនៅដ្ឋានផ្ទាល់ខ្លួនសមរម្យនៅឡើយ ដោយកំពុងបន្តរស់នៅទីតាំងខាងលើដដែល ដោយយល់ថា ជាមួយនឹងការរស់នៅទីតាំងដដែលមានមុខរបរលក់ដូរបន្តិចបន្ទួច ដើម្បីជីវភាពប្រចាំថ្ងៃនេះ ប្រហែល ៧ ទៅ ៨ឆ្នាំ ទៅមុខទៀត ទម្រាំអាយុរបស់ខ្លួនចូលនិវត្តន៍ពីគ្រូបង្រៀន និងឈប់ធ្វើជានាយកសាលាអនុវិទ្យាល័យ អាចនឹងមានលទ្ធភាពស្វែងរកទីតាំងផ្ទាល់ខ្លួនបាន។
ក្រោមមូលហេតុខាងលើនេះ ជាថ្មីម្តងទៀត ខ្ញុំបាទ អនុញ្ញាតគោរពសូមថ្នាក់ដឹកនាំជ្រាបថា ដោយមើលពីស្ថានភាពផ្ទះដែលកំពុងរស់នៅខាងលើ សាងសងជាង ២០ឆ្នាំមកហើយ មានសភាពទ្រុតទ្រោមខ្លាំង ,ជើងសសរពុកផុយ , ងាយរងហានិភ័យ (នៅជិតផ្លូវលំ, តំបន់ទន្លេ ពេលរដូវវស្សា តែងមានព្យុះភ្លៀងបង្ក ខ្យល់កន្ត្រាក់ជាដើម) ដោយមើលឃើញពីស្ថានភាពលំបាកខាងលើ កាលពីឆ្នាំ២០២៤កន្លងទៅ លោកឪពុករបស់ខ្ញុំ បានគោរពជម្រាបជូន អាជ្ញាធរមូលដ្ឋាន ដែលមានមេភូមិ មេឃុំ និងស្រុក ជាដើម ឱ្យបានដឹកអំពីស្ថានភាពផ្ទះខាងលើ។
ក្រោយពីជម្រាបជូនរួចហើយ ឪពុករបស់ខ្ញុំ បានសូមការអនុញ្ញាតពីភូមិ ឃុំ ដើម្បីសុំធ្វើការជួសជុល ផ្ទះរបស់គាត់នៅទីតាំងដដែល ជាប្រភេទលំនៅដ្ឋានកម្រិតស្រាល មានជើងសសរធ្វើពីថ្ម ដំបូលស័ង្កសី ទំហំ ៦ម៉ែត្រ គុណ ១០ម៉ែត្រ។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោកមេឃុំ បានចេញលិខិតឯកភាពឱ្យមានការសាងសង់ និងជួលជុលផ្ទះខាងលើផងដែរ។មុនឈានដល់ការសាងសង់ផ្ទះ ឪពុករបស់ខ្ញុំក៏បានទំនាក់ទំនង សុំយោបល់ ទៅកាន់អាជ្ញាធរមូលដ្ឋាន និងពិសេស គឺមានថ្នាក់ដឹកនាំស្រុកដែលជំនាញខាងដីធ្លី បានចុះមកត្រួតពិនិត្យជាក់ស្តែង និងឃើញថា ទោះបីជាដីនេះ ជាដីសាធារណៈរបស់រដ្ឋក៏ពិតមែន តែលោកឪពុករបស់ខ្ញុំ អាចមានលទ្ធភាពសាងសងលំនៅដ្ឋានប្រភេទស្រាលនេះបាន ដោយមូលហេតុគឺ លោក បានអាស្រ័យផលលើទីតាំងនេះជាង ២០ឆ្នាំមកហើយ ហើយបច្ចុប្បន្នក៏ជាគ្រូបង្រៀននៅតំបន់នេះស្រាប់។រហូតដល់ចុងខែមេសា ឆ្នាំ២០២៥នេះ ក្រោយពិនិត្យលទ្ធភាពហិរញ្ញវត្ថុក្នុងគ្រួសារ គិតថា អាចធ្វើការសាងសង និងជួសជុលកន្លែងលក់ដូរផ្ទះខាងលើបានហើយ ទើបឪពុករបស់ខ្ញុំបាន ហៅជាងមកធ្វើការសាងសងបណ្តើរៗ ដោយស្របតាមគោលការណ៍ខាងលើ គឺជាលំនៅដ្ឋានកម្រិតស្រាល ។ ក៏ប៉ុន្តែក្រោយពីក្រុមជាងបានចូលធ្វើ ប្រហែលជា ២ថ្ងៃ ស្រាប់តែអាជ្ញាធរមូលដ្ឋាន គឺមេភូមិ បានខលទូរស័ព្ទមកក្រុមជាង និងហាមមិនឱ្យសាងសង់ទៅវិញ។ ការហាមឃាត់របស់មេភូមិខាងលើ គឺគាត់បានប្រាប់ថា មានគេជំទាស់ និងចង់ឱ្យរុះរើលំដ្ឋានដែលកំពុងរស់នៅសព្វថ្ងៃខាងលើចេញថែមទៀតផង។ នេះមិនមែនជាលើកទី១នោះទេ ដែលមេភូមិខ្លាគ្រហឹម មកហាមឃាត់ និងបង្កភាពស្មុកស្មាញដល់ក្រុមគ្រួសាររបស់ឪពុកខ្ញុំ ។ កន្លងទៅ សូម្បីតែឪពុកម្តាយរបស់ខ្ញុំ ហៅជាងមកធ្វើបង្គន់អនាម័យនៅលើផ្ទះចាស់ ក៏ត្រូវបានមេភូមិខាងលើ មកហាមឃាត់ និងបន្ទោសថាយើងលួចធ្វើទៅវិញ បើទោះបីជាឪពុកម្តាយខ្ញុំ ធ្លាប់បានជម្រាបជូនដំណឹង និងសុំការធ្វើបង្គន់នេះក៏ដោយ។ជាថ្មីម្តងទៀត ខ្ញុំបាទ តំណាងឱ្យក្រុមគ្រួសាររបស់ឪពុកខ្ញុំ សុំគោរពអនុញ្ញាតជម្រាបជូនថ្នាក់ដឹកនាំថា នៅមូលដ្ឋានភូមិខ្លាគ្រហឹមនេះ កន្លងទៅ ក៏មានការសង់សំណងលក់ដូរឯកជនផ្សេងៗក្នុងទីតាំងគ្របគ្រង់របស់សាលាឃុំ ,ការលក់បឹងធម្មជាតិរបស់រដ្ឋជាច្រើនកន្លែងទៅឱ្យឈ្មួញឯកជនរកស៊ីជាច្រើនឆ្នាំជាប់ៗគ្នា,មានការធ្វើស្ថានីយ៍ផ្ទាំងសូឡាបូមទឹកឯកជន ដើម្បីលក់ទឹកឱ្យប្រជាពលរដ្ឋ នៅលើទីតាំងដីព្រែកនិងដីចំណីទន្លេសាធារណៈរបស់រដ្ឋ ដោយមិនមានមតិណាម្នាក់ជំទាស់នោះឡើយ ហេីយធ្វើដោយរលូន និងស្ងប់ស្ងាត់ជាទីបំផុត។ ខ្ញុំមានចម្ងល់ថា តើហេតុអ្វី បានជា លោកឪពុកខ្ញុំ ដែលជាគ្រូបង្រៀនម្នាក់ មករស់នៅអាស្រ័យផល ជាង២០ឆ្នាំហើយ បានចូលរួមកសាងធនធានមនុស្ស ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន គ្រាន់តែសុំសងជួសជុលផ្ទះរបស់ខ្លួន ដែលមានស្ថានភាពទ្រុតទ្រោមខ្លាំង ឱ្យរឹងមាំជាងមុន និងទប់ទល់ពីព្យុះភ្លៀង ជាដើម ត្រូវបាន មេភូមិមកហាមឃាត់ទៅវិញ? តើមានគ្រូបង្រៀនណាហ៊ានមកបង្រៀនតំបន់នេះទៀត បើអាជ្ញាធរមូលដ្ឋាន មិនជួយគាំទ្រ សម្របសម្រួលទុកលំបាករបស់ប្រជាពលរដ្ឋបែបនេះ។ ឬមួយឱ្យផ្ទះចាស់មានស្ថានភាពទ្រុតទ្រោមនេះ ត្រូវខ្យល់បក់រលំ និងអាចប៉ះពាលអាយុជីវិតមនុស្ស នៅថ្ងៃណាមួយមែនទេ ?ចុងក្រោយនេះ ខ្ញុំបាទឈ្មោះ ភន បញ្ញា តំណាងឱ្យលោកឪពុករបស់ខ្ញុំ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាបិតាស្ថាបនិកនាំយកមកនូវសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត , សូមគោរព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ,សូមគោរព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា , ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាជ្រាបអំពីករណីខាងលើនេះ និងគោរពសុំការអនុញ្ញាត បានឱ្យឪពុករបស់ខ្ញុំ បានសាងសង់ផ្ទះខាងលើនេះផង ដើម្បីបន្តបេសកកម្មជាគ្រូបង្រៀន និងមានការលក់ដូរដើម្បីជីវភាពប្រចាំថ្ងៃបន្តទៀតផង។ ខ្ញុំបាទសូមធានាអះអាងថា អ្វីដែលខ្ញុំបានសរសេរទាំងនេះ គឺជាការពិត ចេញពីខ្សែជីវិតពិតរបស់ឪពុក និងក្រុមគ្រួសាររបស់ខ្ញុំតែម្តង។ ហើយខ្ញុំក៏សុំការយោគយល់អធ្យាស្រ័យពីសំណាក់ថ្នាក់ដឹកនាំ មកដល់រូបខ្ញុំបាទ ប្រសិនបើមានការខុសឆ្គងណាមួយ៕










