ព័ត៌មានជាតិ

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការដ្ឋានទីស្នាក់ការសមាគមអតីតយុទ្ធជន កំពុងសាងសង់

កំពង់ធំ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី  ទៅពិនិត្យការដ្ឋានសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់ នៅលើទីតាំងស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក យុន យឿត ប្រធានក្រុមជាងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា គម្រោងនៃការសាងសង់ទីស្នាក់ការសមាគម​អតីត​យុទ្ធ​ជន​ នៅ​ខេត្ត​កំពង់​ធំ​ មានទំហំ ជាង ៣១៨ ម៉ែត្រការ៉េ  ហើយគិតមកដល់ថ្ងៃនេះការសាងសង់បានប្រមាណជាង ២០% ហើយ   ហើយគ្រោងនឹងត្រូវបញ្ចប់ការសាងសង់រួចរាល់នៅមុនបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម  ដែលបានខិតខំប្រឹងប្រែងរកថវិកា ពីសប្បុរស​ជន​នានា​ ដើម្បីដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ  នឹងបានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រសួងស្ថាប័នមានការពាក់ព័ន្ធនានា  ដែលបានផ្ដល់ដីសម្រាប់ដំណើរការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅពេលនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានស្នើសុំដល់ក្រុមវិស្វករ និងជាងសំណង់ របស់គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា មេត្តាធ្វើការសាងសង់ឲ្យមានគុណភាព និងសោភ័ណភាពល្អ ស្របតាមលក្ខណៈបច្ចេកទេស និងពេលវេលាដែលបានកំណត់ ដើម្បីជាប្រយោជន៍សម្រាប់បម្រើឲ្យនិរន្តរភាពការងារសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ  បានយូរអង្វែងតទៅ៕

ដោយ៖ សំនៀង

To Top